ក្នុងពេលដែលសត្វខ្លា ស្រែកគ្រហឹមពុំឈប់ដោយខឹងក្រេវក្រោធនោះ ភ្ញៀវទេសចរប្តូរវេនគ្នាអង្គុយក្បែរ ដើម្បីថតរូប។
បុគ្គលិកនៃសួនសត្វមួយរបស់ថៃ ទើបត្រូវបានគេរកឃើញថា បានប្រើដំបងដើម្បីចាក់លើកខ្លាឲ្យវាខឹងរួចគ្រហឹម ដើម្បីទុកឲ្យភ្ញៀវទេសចរអង្គុយក្បែរសត្វសាហាវនេះថតរូបអនុស្សាវរីយ៍។
ក្នុងខ្សែវីដេអូ បុគ្គលិកម្នាក់នៅសួនសត្វប៉ាតាយ៉ា ប្រទេសថៃ បានយកដំបងមកចាក់លើកមុខនិងខ្លួនរបស់ខ្លាដែលត្រូវគេចងច្រវ៉ាក់ជាប់ ដើម្បីឲ្យវាខឹងស្រែកគ្រហឹម “ថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវទេសចរ”។
តាម Edwin Wiek ស្ថាបនិកនៃអង្គការការពារសត្វព្រៃមួយនៅថៃ ដែលបានថតខ្សែវីដេអូនេះរួចបង្ហោះលើ facebook សរសេរថា “សត្វខ្លាមួយនេះត្រូវគេយកដំបងចាក់១ថ្ងៃរាប់រយដង ដើម្បីឲ្យវាគ្រហឹម ព្រោះខឹងត្រូវគេរំខាន ហើយនោះជាឱកាសដែលអ្នកទេសចរចូលចិត្តអង្គុយក្បែរថតរូបជាមួយ។
អ្នកនាំពាក្យរបស់សួនសត្វនេះឲ្យដឹងថា បុគ្គលិកក្នុងខ្សែវីដេអូនេះ ត្រូវបានគេផ្ទេរឲ្យទៅធ្វើការងារផ្សេង ព្រោះម្ចាស់សួនសត្វជាអ្នកស្រឡាញ់សត្វ ហើយគាត់ពុំអនុញ្ញាតឲ្យបុគ្គលិកបង្កការឈឺចាប់ដល់សត្វព្រៃកំពុងចិញ្ចឹមឡើយ៕ ចន្ទ្រា