ប្រទេសកូរ៉េខាងជើងបានចាត់ទុក ទណ្ឌកម្មចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិប្រឆាំងនឹងខ្លួន គឺជាសកម្មភាពបង្កសង្គ្រាម។ នេះបើតាមការចេញផ្សាយរបស់ BBC។
បើតាមការចេញផ្សាយរបស់ភ្នាក់ងារសារព៌តមានរដ្ឋ កូរ៉េខាងជើង KCNA បានឲ្យដឹងថា មានតែការពង្រឹងអនុភាពធ្វើឲ្យគេញញើតរបស់កូរ៉េខាងជើងប៉ុណ្ណោះ ដែលជាវិធីតែមួយគាត់ដែលធ្វើឲ្យអាមេរិចបរាជ័យ។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័យទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងរបបព្យុងយ៉ាង ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលនាពេលថ្មីៗរបស់ប្រទេសកុម្មុនិស្តនេះ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃសៅរិ៍នេះ។
ទណ្ឌកម្មដែលស្នើឡើងដោយអាមេរិចប្រឆាំងនឹងកូរ៉េខាងជើង រួមមានការចាត់វិធានការដើម្បីកាត់បន្ថយការនាំចូលប្រេងសាំទៅកាន់ប្រទេសកុម្មុនិស្តនេះរហូត ៩០ភាគរយ។
ប្រទេសរុស្សី ព្រមទាំងចិន ដែលជាសម្ព័ន្ធមិត្ត និងដៃគូជំនួញដ៏សំខាន់របស់កូរ៉េខាងជើង ក៏បានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចនោះដែរ។
កូរ៉េខាងជើងធ្លាប់ទទួលរងទណ្ឌកម្មជាច្រើនពីសំណាក់អាមេរិច អង្គការសហប្រជាជាតិ និងសហភាពអ៊ឺរ៉ុបរួចមកហើយ។
សហរដ្ឋអាមេរិចបានដាក់ទណ្ឌកម្មលើព្យុងយ៉ាងតាំងពីឆ្នាំ ២០០៨មកម្លេះ ដោយទណ្ឌកម្មទាំងនោះរួមមាន ការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងក្រុមហ៊ុនទាំងឡាយណាដែលជាប់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងហាមមិនឲ្យមានការនាំចេញ និងនាំចូលទំនិញ ព្រមទាំងសេវាកម្មទៅកាន់ប្រទេសដ៏ឯកោមួយនេះ។
ឯកអគ្គរដ្ឋទូតអាមេរិចប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley បានថ្លែងថា “ទណ្ឌកម្មបន្ថែមបានផ្ញើយ៉ាងច្បាស់លាស់ទៅកាន់ទីក្រុងព្យុងយ៉ាងថា ការរឹងទទឹងនឹងនាំឲ្យមានទណ្ឌកម្មបន្ថែម និងធ្វើឲ្យរឹតតែឯកោ”៕ សុភ័ក្ត្រ