រដ្ឋមន្ត្រីកសិកម្មអ៊ីស្រាអែល បានអំពាវនាវឲ្យពលរដ្ឋក្នុងប្រទេសនេះចូលរួមក្នុងពិធីបួងសួងមួយជាសមូហភាពដើម្បីរួមគ្នា “ហែកមេឃឲ្យរយះ” ដើម្បីនាំទឹកភ្លៀងមកកាន់ប្រទេសនេះ នាសិសិរដូវ។

តាមគេហទំព័រ Ynet News, រដ្ឋមន្ត្រីកសិកម្មអ៊ីស្រាអែល Uri Arielបានអំពាវនាវដល់កសិករទាំងអស់ព្រមទាំងពលរដ្ឋអ៊ីស្រាអែល រួមគ្នាចូលរួមពិធីបុណ្យបួងសួងសមូហភាពនៅជញ្ជាំងប៉ែកខាងលិច ដើម្បីអាចបញ្ជូនសំណើរទៅកាន់ព្រះអាទិទេពនាំមកនូវទឹកភ្លៀងសិសិរដូវ ដែលស្ងួតហែង។
រដ្ឋមន្ត្រី Uri Ariel ឲ្យដឹងថា “ជាសំណាងមិនល្អដែលការរាំងស្ងួត៤ឆ្នាំ យើងបានទទួលភ្លៀងដ៏តិចបំផុតនៅឆ្នាំនេះ គឺតិចជាងកម្រិតមធ្យមនាអំឡុងឆ្នាំមុន សិសិរដូវឆ្នាំនេះវានឹងរាំងស្ងួតទៀត”។
លោក Uri Ariel ថ្លែងបន្ថែមថា “ខ្ញុំអំពាវនាវឲ្យមហាជនធ្វើពិធីរួមគ្នា ហើយសូមឲ្យមនុស្សម្នាក់ៗយកតាមនូវឆ័ត្រ ព្រោះយើងហែកមេឃ”។ ការអំពាវនាវរបស់ប្រមុខរដ្ឋមន្ត្រីខាងវិស័យកសិកម្មអ៊ីស្រាអែល បានទទួលការគាំទ្រពីមន្ត្រីអ្នកមុខអ្នកការ ក៏ដូចជាកសិករ ព្រមទាំងបណ្តាអង្គការសិកម្ម។ ពិធីបួងសួងប្រព្រឹត្តទៅនៅថ្ងៃ ២៨/១២។
ស្របនឹងគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីកសិកម្ម មគ្គុទេសស្មារតីនៃសាសនាគ្រិស្ត នៅអ៊ីស្រាអែលឲ្យដឹងថា ព្រះអាទិទេពនឹង “ទតឃើញទុក្ខវេទនា និងព្រះសណ្តាប់ការបួងសួង” របស់ពលរដ្ឋអ៊ីស្រាអែល បន្ទាប់មកនឹងមានការឆ្លើយតបចំពោះការទន្ទឹងរង់ចាំរបស់ប្រជានុរាស្ត្រ ហើយភ្លៀងនឹងបង្អុរចុះក្នុងតំបន់នេះ។
ទោះយ៉ាងណាលើបណ្តាញសង្គម Facebook និង Twitter មនុស្សជាច្រើនមានអារម្មណ៍ពិបាកយល់ ចំពោះទង្វើចំណុះហួសហេតុរបស់មជ្ឈដ្ឋានដឹកនាំអ៊ីស្រាអែលដែលជឿ “ព្រះអាទិទេព”។ ពួកគេបានអំពាវនាវឲ្យមេដឹកនាំទាំងនោះ មានសកម្មភាពជាក់ស្តែងជាងនេះ ដើម្បីស្រាយគ្រោះរាំងស្ងួត ក៏ដូចជាស្ថាបនារោងចក្រផលិតទឹកសាបពីទឹកសមុទ្រ៕ សូយន