បណ្តាសមត្ថកិច្ចអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ និងជាមហាសេដ្ឋី Alwaleed bin Talal ដែលទើបត្រូវបានចាប់ខ្លួន ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយត្រូវសងមកវិញយ៉ាងតិច៦ប៊ីលានដុល្លារ ប្រសិនបើចង់ទទួលបានសេរីភាព។ នេះជាខ្ទង់ប្រាក់ដែលរដ្ឋរាជ្យវង្សកាន់អំណាចសំណូមពរ ប៉ុន្តែតួលេខប្រហែលពុំមែនប៉ុណ្ណឹងឡើយ ព្រោះមានលទ្ធភាពច្រើនណាស់ ដែលគេនឹងធ្វើការរឹបអូសទ្រព្យសម្បត្តិមួយផ្នែករបស់ Kingdom Holding ជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់រូបនេះ ហើយមានតម្លៃបច្ចុប្បន្នលើទីផ្សារ ៩ប៊ីលានដុល្លារ។

ក្រុមព្រះអង្គម្ចាស់ដែលត្រូវឃុំខ្លួន នៅសណ្ឋាគារផ្កាយប្រាំ Ritz Carlton ស្ទើតែទាំងអស់ នារដ្ឋធានី Riyadh ក្រោយពេលត្រូវចាប់ខ្លួនកាលពីខែ ១១ សុទ្ធសឹងបានសងនូវខ្ទង់ប្រាក់ដ៏សន្ធឹកសន្ធាប់ ទើបត្រូវបានគេដោះលែង។
តាមកាសែតWall Street Journal, ព្រះអង្គម្ចាស់Alwaleed ព្រះជន្ម៦២ឆ្នាំ គឺជាអ្នកមានលំដាប់ទី ៥៧ ពិភពលោកជាមួយទ្រព្យសម្បត្តិ ១៨ប៊ីលានដុល្លារ ។ បណ្តាប្រភពព័ត៌មានឲ្យដឹងថា ព្រះអង្គម្ចាស់រូបនេះកំពុងប្រឹងប្រែងចរចាជាមួយសមត្ថកិច្ចអារ៉ាប៊ីសាអូឌីត បំណងទទួលបាននូវកិច្ចព្រមព្រៀងដោះលែងខ្លួនឲ្យមានសេរីភាពវិញ។

តួអង្គល្បីល្បាញរាប់សិបនាក់ដែលមានតាំងពីខ្សែរាជវង្ស មានរដ្ឋមន្ត្រីរាជវង្សនិងបណ្តាមេខ្លោងហិរញ្ញវត្ថុធំៗ កំពុងត្រូវបានឃុំខ្លួននៅសណ្ឋាគារក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដិតដាមដោយពណ៌សម្បុរនយោបាយរបស់រាជទីយាទ Mohamed bil Salman។
ក្នុងតួអង្គទាំងនោះបានយល់ព្រម “ជាមួយដំណោះស្រាយលឿន” តាមរយៈការប្រគល់លុយសងជាថ្នូរនឹងសេរីភាព ។ សមត្ថកិច្ចអារ៉ាប៊ីសាអូឌីត ឲ្យដឹងថា ចំនួនលុយដែលរឹបអូសបានពីយុទ្ធនាការនេះយ៉ាងតិច ចំនួន ១០០ប៊ីលានដុល្លារ៕ សូយន