ព្យុះត្រូពិច ឈ្មោះ ថេមបិន (Tembin) ដែលគំរាមកំហែងប្រទេសវៀតណាមខាងត្បូង បានបន្ថយឥទ្ធិពលរបស់វា ហើយព្យុះដ៏ខ្លាំងក្លានេះត្រូវគេរំពឹងថា នឹងរសាយក្នុងរយៈពេល ៤៨ម៉ោងទៀត។
បើតាមមជ្ឍមណ្ឌលព្យាករណ៏អាកាសធាតបានឲ្យដឹងថា ព្យុះ ថេមបិន មានល្បឿន ៩៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះនេះកំពុងធ្វើដំណើរទៅទិសខាងលិចប្រទេសវៀតណាម។
ប្រជាជនវៀតណាមជិត ១លាននាក់ត្រូវបានអាជ្ញាធរប្រាប់ឲ្យត្រៀមខ្លួន ដើម្បីជន្លៀសចេញ និងជាង ៧០.០០០នាក់ទៀត ត្រូវចាកចេញពីតំបន់ទាបៗ។
ព្យុះនេះទើបតែបានឆ្លងកាត់ប្រទេសភីលីពីន ហើយឥទ្ធិពលរបស់វា បានសម្លាប់ប្រជាជនភីលីពីនយ៉ាងតិច ២៤០នាក់។ ក្រុមជួយសង្គ្រោះកំពុងតែបន្តរុករកមនុស្សដែលបាត់ខ្លួនជាង ១០០នាក់។
នៅក្នុងប្រទេសវៀតណាម រដ្ឋាភិបាលក៏បានប្រាប់ទុកជាមុន ដល់កប៉ាល់ដឹកប្រេង និងទូកឲ្យមានសុវត្ថិភាព និងបានព្រមានដល់ ទូកនេសាទចំនួន ៦២.០០០កុំឲ្យចេញនេសាទនៅសមុទ្រ៕ សុភ័ក្ត្រ