ប្រទេសកាណាដានឹងបណ្តេញឯកអគ្គរដ្ឋទូតប្រទេសវេណេស៊ុយអេឡា ចេញពីប្រទេស ដែលវិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិធានការដូចគ្នារបស់ប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា Chrystia Freeland កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។

កាលពី ២ថ្ងៃមុន ប្រទេសវេណេស៊ុយអេឡា បានបណ្តេញឯកអគ្គរដ្ឋទូតប្រទេសកាណាដាចេញពីប្រទេស ដោយសារតែអ្នកការទូតរូបនោះបានរិះគន់ខ្លួនជុំវិញបញ្ហាសិទ្ធិមនុស្ស។
ប្រទេសនៅតំបន់បជ្ឍិម និងអាមេរិចឡាទីនបានចាប់ផ្តើមរិះគន់កាន់តែខ្លាំងឡើង លើប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro នៅក្នុងឆ្នាំនេះ ដោយបានធ្វើការចោទប្រកាន់គាត់ថាបានជាន់ឈ្លីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ប៉ុន្តែប្រទេសនេះបាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសដទៃ កំពុងព្យាយាមលើកទឹកចិត្តឲ្យមានរដ្ឋប្រហារស្នាំនិយម។ នៅថ្ងៃសៅរិ៍កន្លងនេះដែរ វេណេស៊ុយអេឡាក៏បានបណ្តេញឯកអគ្គរដ្ឋទូតប្រេស៊ីលចេញផងដែរ។
ប្រទេសវេណេស៊ុយអេឡាបានដកឯកអគ្គរដ្ឋទូតខ្លួនចេញពីប្រទេសកាណាដារួចមកហើយ ដើម្បីជាការតវ៉ាទៅនឹងទណ្ឌកម្មដែលប្រទេសកាណាដាបានដាក់ប្រឆាំងនឹងរបបដឹកនាំរបស់លោក Nicolas Maduro កាលពីខែកញ្ញា។
នៅក្នុងសេចក្តីប្រកាស រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសវេណេស៊ុយអេឡា មិនត្រូវបានស្វាគមន៏ឲ្យមកកាន់ប្រទេសកាណាដាទៀតឡើយ។
ប្រទេសកាណាគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ១២ប្រទេស ដែលបានព្យាយាមជួយដោះស្រាយវិបត្តិនៅប្រទេសវេណេស៊ុយអេឡា៕ សុភ័ក្ត្រ