ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះបទល្មើសគ្រឿងញៀន ដែលបានបន្តកើតមានអនាធិបតេយ្យនា មូលដ្ឋាននេះ ប៉ុន្តែការបង្ក្រាប របស់កម្លាំងសមត្ថកិច្ចមិនទាន់មានប្រសិទ្ធភាព។
ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បាន អះអាងថា បទល្មើសគ្រឿងញៀននេះ ត្រូវគេលួចចែកចាយរាល់ថ្ងៃនាមូលដ្ឋាននេះ ជាពិសេសនៅពេលយប់ នាទីប្រជុំជន ក្នុងក្រុងព្រះសីហនុ។ ក្នុងនោះ ក៏ឃើញមានយុវជនញៀនថ្នាំមួយចំនួន បានធ្វើសកម្មភាពឈ្លោះប្រកែកគ្នានៅតាមផ្លូវសាធារណៈមួយចំនួន បង្កការភ័យខ្លាចដល់ប្រជាលរដ្ឋថែមទៀតផង។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ និងអាណាព្យាបាល រស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយចេញបទបញ្ជាក្តៅទៅ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យបន្ថែមកម្លាំងនគរបាល ចុះស្រាវជ្រាវទប់ស្កាត់ បទគ្រឿងញៀន នាមូលដ្ឋានេះ ឲ្យបានជាប្រចាំ និងឲ្យមានប្រសិទ្ធភាព។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ បានអះអាងថា បទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចរាចរណ៍នាខេត្តព្រះសីហនុ ជាពិសេសក្នុងទីប្រជុំជនក្រុងព្រះសីហនុ បានកើតមានរាល់ថ្ងៃ។ ទោះបីកម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននេះ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសជាបន្តបន្ទាប់បែបណាក្តី។ ប៉ុន្តែបទល្មើសនេះ គេសង្កេតឃើញថា នៅតែបន្តកើតមានដដែល។
ប្រជាពលរដ្ឋអះអាងបន្តថា រាល់ថ្ងៃនេះគេកត់សម្គាល់ថា អ្នកធ្វើសកម្មភាពចែកចាយគ្រឿងញៀននាទីខេត្តព្រះសីហនុ មានទាំងជនជាតិខ្មែរ និងជនបរទេស ជាពិសេសជនជាតិចិន។
ទាក់ទិនបញ្ហានេះ តាមរបាយកាណ៍ពីកម្លាំងនគរបាលបានឲ្យដឹងថា កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ត្រាបបទល្មើសចែកចាយគ្រឿងញៀន ១ករណីទៀត នៅខាងក្រោយសាលាក្រុងព្រះសីហនុ ស្ថិតក្នុងក្រុម៤៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យុទ្ធនាការនេះ សមត្ថកិច្ចបានឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សុខ ហ៊ាង ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ទីកន្លែងកំណើត ភូមិ ដូង ឃុំទ្វា ស្រុកកំពង់បាយ ខេត្តកំពត។
នាឱកាសនោះ សមត្ថកិច្ច ក៏បានដកហូតថ្នាំញៀនចំនួន ៣កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និងទូរស័ព្ទចំនួន១គ្រឿង។
ទាក់ទិនបទល្មើសនេះ កន្លងមក លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាននានា ឲ្យចូលរួមសហការផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ច នៅពេលពួកគាត់ បានឃើញបទល្មើសអ្វីមួយ។
លោកស្នងការបន្តថា រាល់ការផ្តល់ព័ត៌មាន របស់ប្រជាពលរដ្ឋ មកកម្លាំងសមត្ថកិច្ច គឺសមត្ថកិច្ចនឹងលាក់ប្រភពផ្តល់ព័ត៌មានទាំងនោះជូន ប្រសិនបើបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន៕ ដែន សីមា