ខេត្តស្វាយរៀង ៖ បើទោះជាក្រសួងក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីណែនាំអោយគ្រប់មន្ទីរស្ថាប័ននានាដែលមានការពាក់ព័ន្ធជាពិសេសសមត្ថកិច្ចដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ត្រូវទប់ស្តាត់និងហាមឃាត់ការនាំចូលសត្វជ្រូករស់និងផលិតផលសត្វពីប្រទេសជិតខាងតែនៅមានឈ្មួញនាំចូលបានដដែល ដោយគ្មានខ្លាចច្បាប់អ្វីសោះប្រហែលជាគេអាងពេលចាប់សត្វជ្រូកបានយកទៅមន្ទីបូមឈាមពិនិត្យមើលហើយបើអត់មានមេរោគមន្ត្រីជំនាញគ្រាន់តែផាកពិន័យប៉ុណ្ណោះ ហើយរួចខ្លួនវិញនិងដឹកជ្រូកបន្តទៀតព្រោះគ្មានជាប់ទោសផង។
ការឃាត់រថយន្តដឹកជ្រូកនេះបើតាមមន្ត្រីជំនាញបានប្រាប់ថា ធ្វើឡើងនៅវេលា១២នឹង៣៥នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអគ្គនាយកដ្ឋាន សហការជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានស្ទាក់ចាប់រថយន្តមួយគ្រឿងដែលដឹកជ្រូកចំនួន ៣៧ក្បាល នៅចំណុច វត្តស្វាយរំពារ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពខាងលើបានបន្តទៀតថា សត្វជ្រូកទាំងអស់នេះគឺដឹកចេញពីច្រកចំការអំពៅភូមិ ព្រែកតាអី ឃុំព្រែកតាអី ស្រុកស្វាយទាប ឆ្ពោះទៅកាន់ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ហើយបើតាមការបង្ហើបអោយដឹងពីមន្ត្រីពេទ្យសត្វបានអោយដឹងថា ៖ ខណៈពេលដែលក្រុមការងារអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះបង្ក្រាបរថយន្តដឹជ្រូកខាងស្រាប់តែមានរថយន្ត លុចស៊ីស RX350 មួយគ្រឿងដេញតាមកាក់រថយន្តសមត្ថកិច្ចជំនាញ ប៉ុន្តែដោយសារឃើញស្លាកលេខរដ្ឋ ទើបក្រុមអ្នកបើករថយន្តលុចសុីសអត់ហ៊ានហើយសមត្ថកិច្ចបន្តដេញតាមចាប់បានរថយន្តល្មើស និងវត្ថុតាងទាំងនោះបានយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ ៖ វ៉ៃកូ