ខេត្តសៀមរាប៖ សមត្ថកិច្ចបានចាប់វ៉ៃខ្នោះ លោក វរសេនីយ៍ទោ ប៊ុន លីវង្ស ជាមន្ត្រីនគរបាលជាន់ខ្ពស់ ពាក់សក្ត័៤ កន្លះម្នាក់ ក្រោយពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅខេត្តសៀមរាប តាមដីការរបស់សាលាដំបូងខេត្ត សៀមរាប ហើយជននេះត្រូវបាន តុលាការចេញដីកាឃុំខ្លួននៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩។
យោងតាមដីការបង្គាប់របស់សាលាដំបូងខេត្តសៀមរាប បញ្ជាក់ថា ឈ្មោះ ប៊ុន លីវង្ស អាយុ៣០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ តាមមាត្រា៤០ កថាខណ្ឌ១,៣ និងកថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ លោក ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង នគរបាល ជាតិ និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ ថ្លែងថា នឹងធ្វើតេស្ដទឹកនោម រកសារធាតុញៀនឆាប់ៗនេះចាប់ពីប៉ូលិសនៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ រហូត ដល់បណ្ដាប៉ុស្តិ៍ នគរបាល ដោយលោកបានក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន៕ ដោយ៖កូឡាប