កោះកុង ៖ នគរបាល បានចាប់ជនដៃដល់ម្នាក់ ពីបទ ហឹង្សាបង្ករបួសស្នាម ប្រើអាវុធ ដាវ ដោះស្រាយគំនុំដោយខឹងជនរងគ្រោះ ដែលបានទៅស្តីដណ្តឹងយកសង្សាររបស់ខ្លួន រួចបានឆាតតាមទូរស័ព្ទឌឺដងដាក់គ្នា លុះខ្លួនឃើញជនរងគ្រោះជិះម៉ូតូលើស្ពានកោះកុង ក៏ធ្វើសកម្មភាពកាប់។
ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ កំលាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សើន ឌាវ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ពីបទ ហឹង្សាកាប់បង្ករបួសស្នាម ប្រើអាវុធ (ដាវ) កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ២១និង៤០ នាទី នៅចំណុច កន្លែងលក់ដូររបស់ ឈ្មោះ តៅ សុភាព ក្បែរសួនសត្វ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បណ្តាលឲ្យឈ្មោះ សុខា រស្មី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ១ សង្កាត់ស្មាច់មានជ័យ រងរបួសធ្ងន់ ។
នគរបាលបានបន្តថា មូលហេតុដើមហេតុដំបូងកើតឡើងពីឈ្មោះ សើន ឌាវ មានគំនុំជាមួយឈ្មោះ សុខា រស្មី ដែលបានទៅស្តីដណ្តឹងយកសង្សាររបស់ខ្លួន រួចបានឆាតតាមទូរស័ព្ទឌឺដងដាក់គ្នា លុះខ្លួនឃើញឈ្មោះ សុខា រស្មី ជិះម៉ូតូលើស្ពានកោះកុង ពេលនោះខ្លួនក៏បានដេញតាមរហូតដល់កន្លែងកើតហេតុខាងលើ ហើយក៏ធ្វើសកម្មភាពកាប់តែម្តង រួចខ្លួនក៏រត់គេចបាត់។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការក្រុង កំពុងសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមនិតិវិធី៕ ដោយ៖កូឡាប