ភ្នំពេញ ៖ ករណីមនុស្សឃាតអចេតនា ក្រុមសន្តិសុខនៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ចំនួន ៤នាក់ បានចាប់សង្កត់ជនរងគ្រោះ បណ្តាលអោយថប់ដង្ហើមស្លាប់ ត្រង់ចំណុចការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៨និង១៥នាទី ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ ឈិត ណាង ហៅ P១៤៣ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២/ឈ្មោះ ចាន់ អេម ហៅ P៥៣ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមបណ្តឹងរបស់ឈ្មោះ សាន វណ្ណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ(សព)ឈ្មោះ សាន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះបងស្រីបង្កើតឈ្មោះ សាន វណ្ណា ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមសមត្ថកិច្ចអោយដឹងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣៥នាទី ជនរងគ្រោះឈ្មោះ សាន វណ្ណៈ (សព) បានដើរចូលទៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកាន់ខ្សែក្រវាត់រត់ចូលតាមបន្ទប់ស្នាក់នៅរបស់កម្មករធ្វើអោយមានសភាពជ្រួលច្របល់ រួចក្រុមកម្មករក៏បានរត់ទៅរាយការណ៍ប្រាប់សន្តិសុខ ដែលយាមនៅការដ្ឋានបុរីប៉េងហួតខាងលើ ហើយក្រុមសន្តិសុខមានគ្នាចំនួន៤នាក់ ទី១ឈ្មោះ ចាន់ អេម ហៅ P៥៣ ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះ ឈិត ណាង ហៅ P១៤៣ ភេទប្រុស អាយុ៣៤ឆ្នាំ ទី៣មិនស្គាល់ឈ្មោះ មាននាមសម្ងាត់P១៦៦ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ ទី៤មិនស្គាល់ឈ្មោះ នាមសម្ងាត់ P២៣១ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ បាននាំគ្នាទៅចាប់ឃាត់ជនរងគ្រោះ(សព) ដើម្បីយកចេញពីការដ្ឋានសំណង់ខាងលើ ។ ពេលនោះជនសង្ស័យឈ្មោះ ចាន់ អេម បានស្ទុះចូលទៅចាប់គ្រៀកដៃឆ្វេងជនរងគ្រោះ តែជនរងគ្រោះបានរើបម្រះ ទើបជនសង្ស័យឈ្មោះ ចាន់ អេម បានចាប់គ្រៀកកវិញម្តង ហើយប៉ែងជើងជនរងគ្រោះ ផ្តួលផ្កាប់មុខទៅនឹងដី ហើយបក្ខពួកគេចំនួន៣នាក់ទៀតមានឈ្មោះ ឈិត ណាង , ឈ្មោះ P១៦៦ និងឈ្មោះ P ២២៣១ បានចូលទៅជួយចាប់សង្កត់ជនរងគ្រោះ រួចជនរងគ្រោះបានរើបបម្រះ ក្រុមជនសង្ស័យកាន់តែសង្កត់ថែមទៀត មួយសន្ទុះជនរងគ្រោះឈប់រើបម្រះ ហើយមានសភាពស្លេកស្លាំង ទើបក្រុមជនសង្ស័យលែងសង្កត់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ចាន់ អេម បានយកខ្សែក្រវាត់ចងដៃជនរងគ្រោះ ទៅក្រោយ ចំណែកជនសង្ស័យឈ្មោះ ឈិត ណាង បានយកអាវរបស់ជនរងគ្រោះ ចងជើងទាំងពីររបស់ជនរងគ្រោះជាប់ ។
បន្ទាប់មកជនរងគ្រោះមានសភាពទន់ដៃទន់ជើង មុខមាត់ឡើងពណ៌ស្វាយ ឈប់មាត់ឈប់ក ក្រុមជនសង្ស័យក៏បានស្រាយខ្សែចេញពីដៃ ពីជើង រួចនាំគ្នាលើកជនរងគ្រោះដាក់ចូលរទេះអូសចេញទៅទម្លាក់នៅខាងក្រៅរបងការដ្ឋានសំណង់ ។ ក្រោយមកសាច់ញាតិរបស់ជនរងគ្រោះ បានមករកជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ឃើញសភាពដូចខាងលើ ក៏បាននាំគ្នាលើកដាក់លើម៉ូតូ ដឹកទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅខេត្តកណ្តាល តែពេលទៅដល់ គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះ បានដាក់ខ្យល់ស្លាប់បាត់ទៅហើយ ។ ហើយក្រុមគ្រួសាររបស់ជរងគ្រោះក៏បានដឹកសព យកមកតម្កល់ទុកនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍ ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការបំភ្លឺសាក្សី ប្រមូលវត្ថុតាង ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ទី០១ឈ្មោះ ចាន់ អេម ទី០២ឈ្មោះ ឈិត ណាង ត្រង់ចំណុចកើតហេតុខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ហើយរាយការណ៍ការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ, ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពេទ្យតុលាការ ដើម្បីមកធ្វើកោសល្យវិច័យលើសពជនរងគ្រោះ តាមនីតិវីធីច្បាប់ ។ ហើយឈ្មោះ សាន វណ្ណា ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ(សព) បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង ០៤នាក់ខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕ ដោយ៖កូឡាប