ភ្នំពេញ ៖ បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនបង្កការផ្ទុះអាវុធនៅក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានចូលមកបង្ហាញខ្លួននៅអាវុធហត្ថរាជធានីភ្នំពេញ។
នៅខណៈម៉ោងប្រមាណ ១៦និង០០នាទី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកជំទាវ ញ៉ែម មរកត ដែលជាម្តាយជនសង្ស័យ បាននាំយកកូនមកដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។
ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ ២៧ឆ្នាំ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថាកាលពីនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានទទួលពត៌មានថាមានករណីផ្ទុះអាវុធបណ្តាលអោយរងរបួសកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០២និង២០នាទីរំលងអាធ្រាត្រក្នុងក្លឹបលុចសារី ផ្ទះលេខ ៥៣ ផ្លូវ ២១៤ ភូមិ ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ភ្លាមនោះកំលាំងយើងបានចុះដល់មន្ទីរពេទ្យកាល់ម៉ែតជួបជនរងគ្រោះនិងបានធ្វើការបំភ្លឺជាបន្តបន្ទាប់។
ជនរងគ្រោះឈ្មោះនឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ជនសង្ស័យចំនួន០២នាក់ភេទប្រុសអាយុប្រហែល៣០ឆ្នាំ ប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០២ដើម(ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ។
ករណីផ្ទុះអាវុធ បណ្តាលអោយរងរបួសផ្តើមចេញពីការប្រច័ណ្ឌ។ ចំពោះមុខកំលាំងខណ្ឌ.ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីឈានដល់ការឃាត់ខ្លួនផ្តន្ទាទោសតាមច្បាប់និងកសាងសំណុំរឿងតាមនិតិវិធី៕ ដោយ ៖ កូឡាប