ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះសង្ស័យថា ជាអំពើរំលោភសម្លាប់នៅក្នុងផ្ទះកើតហេតុ របស់ក្មេងស្រីរងគ្រោះ នាភូមិគគី ឃុំបិតត្រាំង បានស្លាប់ហើយនៅតាមផ្លូវ គឺស្លាប់នៅលើរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុក្មេងស្រីរងគ្រោះរូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញវិញ ប៉ុន្តែបានស្លាប់នៅតាមផ្លូវ ។
សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានឃាតកម្មមួយករណីបានកើតឡើង គឺស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថា ឃាតកម្មនេះ ត្រូវគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់អត្តសញ្ញាណ បណ្តាលឲ្យក្មេងប្រុស- ស្រី២នាក់បងប្អូនបង្កើតរួមមាន៖ ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ បានស្លាប់ នៅផ្ទះកើតហេតុ និងឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ។
ករណីខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ក៏ដូចជាកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងចុះស្រាវជ្រាវ ដើម្បីឈានទៅនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
យោងតាមរបាយការណ៍បន្ថែមពីសមត្ថកិច្ច បានឲ្យដឹងនៅម៉ោង ២៣ និង៤០នាទីយប់ថ្ងៃទី២៩ ខែឧសភា បញ្ជាក់ថា ក្មេងស្រីរងគ្រោះដោយអំពើរំលោភសម្លាប់ខាងលើនេះ បានស្លាប់ហើយ គឺស្លាប់នៅលើរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងអំឡុងពេលដឹកកុមារីរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅឯរាជធានីភ្នំពេញ៕ ដោយ ៖ ដែន សីមា