សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ៣០ ខែឧសភានេះបានឲ្យដឹងថា ក្រោយពេលដែលព្រះរាជអាជ្ញា និង សមត្ថកិច្ចជំនាញ បានធ្វើការសួរនាំចំពោះជនសង្ស័យទាំងពីរ ក៏បានសារភាព នៅចំពោះមុខសមត្ថកិច្ច គឺខ្លួនពិតជាបានធ្វើសកម្មភាពកាបូបរបស់ភ្ញៀវទេសចរណ៍ពិតប្រាកដមែន កាលពីព្រឹកថ្ងៃទី២៦ នៅតាមបណ្តោយផ្លូវ កូម៉ៃ ទៅកាន់ប្រាសាទអង្គរវត្ត ។
ក្នុងនោះជនសង្ស័យទី១ ឈ្មោះ ទីវ ហ៊ុន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទី២ ឈ្មោះ រ៉េត មករា ភេទ ប្រុស អាយុ២៣ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។
ក្រោយពីទទួលបាននូវចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរ កម្លាំងសមត្ថកិច្ចជំនាញ ដោយសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលគោកចក បានចុះទៅធ្វើការរុករកនៅតាមព្រៃទៅអង្គរ ដែលជនសង្ស័យបានបោះចោលសម្ភារៈ ដែលឆក់យកបានពីជនរងគ្រោះ ។ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានរកឃើញនូវលិខិតឆ្លងដែន និង ឯកសារមួយចំនួន របស់ជនរងគ្រោះ ។
លុះនៅវេលាម៉ោង១៩និង២០នាទី ក៏បានធ្វើពិធីប្រគល់លិខិតឆ្លងដែន និងឯកសារជូនដល់លោកស្រី FATEMEH ARABSHEIKH ជាជនរងគ្រោះ ដោយមានវត្តមានចូលរួម ពីតំណាងរដ្ឋបាលសាលាខេត្ត ស្នងការរងនៃស្នងការនគរបាល ខេត្ត នគរបាលទេសចរណ៍ខេត្ត និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកចកផងដែរ ។
ក្រោយពីការប្រគល់លិខិតឆ្លងដែន និង ឯកសារ លោកស្រី FATEMEH ARABSHEIKH ជាជនរងគ្រោះ ក៏បាន សម្តែងពីការសោកស្ដាយមុខរបស់គាត់ មនុស្សស្រីស្អាតលើមុខ តែបើមុខខូចសម្រស់ហើយ គាត់ខ្មាសគេណាស់ ពិសេសកូនស្រី និង ក្រុមការងារក្នុងឋានៈដែលគាត់ធ្វើការនៅធានាគារធំលំដាប់ពិភពលោក ។ ម្យ៉ាងទៀតគាត់និយាយថា គាត់មិនហ៊ានលើកទូរស័ព្ទ Call on line របស់កូនស្រីទេ ព្រោះតែមុខគាត់មានរបួស មិនចង់ឲ្យកូនឃើញមុខ ក្នុងស្ថានភាពរបួសខ្លាំងបែបនេះ នាំឲ្យកូនស្រីបាក់ទឹកចិត្ត សិក្សារៀនសូត្រមិនបានល្អ ។
រដ្ឋបាលខេត្តសៀមរាបបានបន្ថែមថា “លាយឡំទៅដោយភាពក្តុកក្តួលរបស់លោកស្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចកម្លាំងសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ចំពោះរូបលោកស្រី ជាជនរងគ្រោះ តែលោកស្រីក៏មិនលើកលែង ចំពោះជនល្មើសឡើយ សុំឲ្យតុលាការនៅកម្ពុជាផ្តន្ទាទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ” ៕ ដោយ៖កូឡាប