ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យ ក្នុងអំពើឃាតកម្មសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើត នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ពេលនេះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណជាបណ្តោះអាសន្នហើយៗ បច្ចុប្បន្នជនសង្ស័យរូបនេះ កំពុងរត់គេចខ្លួន។
ប្រភពពីកម្លាំងសមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនជាប់សង្ស័យលើករណីឃាតកម្មខាងលើនេះ ឈ្មោះ ឈឹម វិចិត្រ ភេទប្រុសអាយុប្រហែល៣០ឆ្នាំ។
សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋ, សមត្ថកិច្ចនៅតាមបណ្តាមូលដ្ឋាន ឬខេត្តនានា និងប្រជាពលរដ្ឋ ដែលបានប្រទះឃើញជនជាប់សង្ស័យដូចបង្ហាញក្នុងរូបថតនេះ បើបានជួប ឬឃើញនៅកន្លែងណាមួយ ត្រូវផ្តល់ព័ត៌មាន ឬចាប់ខ្លួននាំមកសាកសួរទាក់ទងឃាតកម្មនេះ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មានអំពើឃាតកម្មមួយករណី បានកើតឡើង នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឃាតកម្មនេះ សមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលឲ្យក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើត បាមរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងៗរងគ្រោះទាំងពីរនាក់នោះមានឈ្មោះ ផា សុខលី ភេទប្រុស អាយុ ២ ឆ្នាំកន្លះ បានស្លាប់ នៅកន្លែងកើតហេតុ និងឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ បានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញកាលពីយប់មិញនេះ ៕ ដោយ ៖ ដែន សីមា