ក្រចេះ ៖ ករណីឃាតកម្ម បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ ដោយសារទំនាស់ រវាងប្ដីនិងប្រពន្ធ ខឹងរឿងមិនហាមឃាត់ចៅដើរលេង។ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំរការ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០៥នាទី មានករណីឃាតកម្ម នៅចំណុចដង្ហឹត ភូមិប្រឡាយត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា សាកសពឈ្មោះ យ៉ុក ម៉ូច ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅចំណុចដង្ហឹត ភូមិប្រឡាយត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ជាប្រពន្ធ។ ចំណែក ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិសេរីសុខា ឃុំក្រែក ស្រុកញញ្ញាក្រែក ខេត្តកំពុងចាម ជាប្ដីទីលំនៅបច្ចុប្បន្ន នៅចំណុចដង្ហឹត ភូមិប្រឡាយត្រៀក ស្រុកឆ្លូង ខេត្តក្រចេះ។
នគរបាលមូលដ្ឋានបានបញ្ជាក់ អំពីរឿងហេតុនេះថា មូលហេតុដោយសារប្រកែកគ្នា រឿងចៅដើរលេង។ ពេលនោះប្តីក៏ទាញ ដែកជើងជ្រូកសម្រាប់ដកដែកគោល ប្រវែងប្រហែល៧តឹក វាយទៅលើប្រពន្ធត្រូវចំកញ្ជឹងករផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ហើយជនសង្ស័យ ក៏បានជិះម៉ូតូគេចទៅបាត់ ។ បន្ទាប់មកអ្នកជិតខាង មិនឮសំឡេងសាកសព ក៏ឡើងទៅមើល ក៏ឃើញសាកសពដេកស្លាប់នៅលើផ្ទះ ។ សូមបញ្ជាក់ថា គ្រួសារសព តែងតែឈ្លោះគ្នាជារៀងរាល់ថ្ងៃ។
នគរបាលមូលដ្ឋាន បានលើកឡើងទៀតថា នៅពេលនោះ សមត្ថកិច្ចបានតាមរកជនសង្ស័យ រហូតដល់ស្រុកតំបែរ និងបានសហការ ជាមួយលោកអធិការស្រុកតំបែរ ទើបចាប់បានជនសង្ស័យ៕ ដោយ ៖ កូឡាប