Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​យុវជន​ម្នាក់​លួច​ហេ​ក Facebook របស់​គេ​រហូតដល់​ជាង​២០០​គណនី ដើម្បី​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព​

​ភ្នំពេញ ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១​ឧសភា បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​ធ្វើ​សកម្មភាព Hack Facebook របស់​គេ​រហូតដល់​ជាង​២០០​គណនី ដើម្បី​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព ក្នុងនោះ​មាន​គណនី Facebook ចំនួន​៥០ ដែល​ចាញ់បោក​យុវជន​ម្នាក់​នេះ​។​

​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានឲ្យដឹងថា យុវជន​ម្នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​កម្លាំង​នាយកដ្ឋាន​របស់​លោក ដោយ​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​យុវជន​ម្នាក់​នេះ​ឈ្មោះ គ្រួច ស៊ី​ឆៃ ជនជាតិខ្មែរ កើត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩៩៧ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន​ផ្លូវ​១៩៨១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពីនាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មាន​ស្ថិត​ក្រោម​ការសម្រប​សម្រួល​ពី ព្រះរាជអាជ្ញារង រៀល សុ​ភិន​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ប្រធាននា​យក​ដ្ឋា​ន បុគ្គល​រូបនេះ ត្រូវបាន​ជន​រងគ្រោះ​ដាក់​ពាក្យបណ្ដឹង​ពី​បទលួច​ចូល​ប្រើប្រាស់​គណនី Facebook អ្នកដទៃ ដោយ​គ្មាន​ការអនុញ្ញាត រួច​ឆា​តទៅ​ខ្ចីប្រាក់​ពី​មិត្ត​ភ័ក្តិ​នៅក្នុង Facebook ដោយ​តម្រូវ​ឲ្យ​ផ្ញើ​ប្រាក់​តាម​ក្រុមហ៊ុនវេ​រ​លុយ ដែល​កន្លងមកនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ទទួល​ពាក្យបណ្ដឹង ជាច្រើន​ពី​ជនរងគ្រោះ​។​

​ក្រោយ​ធ្វើការ​ចាប់ខ្លួន ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ធ្លាប់​បាន​ធ្វើការ​ឆបោក​ប្រាក់​ជា​ច្រើន​សារ ហើយ​រូបគេបាន​លួច​ចូល​គណនី Facebook បាន​ប្រហែល​២០០​គណនី និង​ជាង​៥០​គណនី ទទួលបាន​ប្រាក់​ពី​ការ​ឆបោក​។ បច្ចុប្បន្ន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕​ ​ដោយ​៖​កូឡាប​

×