លោកជំទាវញ៉ែម មរកតដែលជាម្ដាយរបស់ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់កាំភ្លើងខ្លីស៊េរីទំនើបមួយដើមហើយបានផ្ទុះអាវុធបណ្ដាលឱ្យត្រូវនារីវ័យក្មេងស្រស់ស្អាតម្នាក់បណ្ដាលឲ្យបាក់ភ្លៅខាងស្ដាំ ហើយត្រូវបញ្ជូនសង្គ្រោះបន្ទាន់។

ចំណែកឯជនដៃដល់ត្រូវបានបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់ហើយត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នរងចាំការសម្រេចថ្មីផ្សេងពីនេះ។
ពាក់ព័ន្ធនឹងករណីនេះលោកជំទាវញ៉ែមមរកតនៅថ្ងៃទី ១ មិថុនាឆ្នាំ 2019 នេះក៏បានសរសេរសារមួយយ៉ាងក្បោះក្បាយរៀបរាប់ពីសាច់រឿងរបស់កូនគាត់ដើម្បីឲ្យសាធារណជនបានជ្រាបជាព័ត៌មាន។ លោកជំទាវបានលើកឡើងថា សូមជម្រាបសួរបងប្អូន មិត្តភ័ក្រនិងសារព័ត៌មាន ក្នុងបណ្តាញសង្គម ។
ខ្ញុំសូមអរគុណច្រើនដែលធ្វើឲ្យខ្ញុំកាន់តែល្បី និងមានការអាណិតស្រឡាញ់ខ្ញុំកាន់តែច្រើន ។
អ្នកស្រឡាញ់ខ្ញុំបានសោកស្តាយរឿងហេតុកើតឡើង សម្រាប់អ្នកច្រណែនឈ្នានីស ស្អប់ មិនចូលចិត្តបានសើចហ៊ោ ។ល។ ស្រេចលើលោកអ្នកវិនិច្ឆ័យចុះចាស ក្បាលអ្នកណាសក់អ្នកនោះ ខ្ញុំសូមណែនាំធ្វើខ្លួននិងប្រដៅកូនឲ្យបានល្អ ប្រយ័ត្នរឿងហេតុស្មានមិនដល់ធ្លាក់លើគ្រួសារខ្លួនចាស មើលមិនឃើញទេ !!

លោកជំទាវបានបន្ថែមទៀតថា ៣ថ្ងៃកន្លងមកនេះ សារព័ត៌មានផ្សាយឡើងកក្រើករឿងផ្ទុះអាវុធនៅក្លឹបលុចសារី សម្រាប់ព័ត៌មានបឋមខ្ញុំមិនរិះគន់ទេ ប៉ុន្តែនៅពេលព័ត៌មានពិតចេញមកពីស្ថាប័នកងរាជអាវុធហត្ថហើយ ក៏សារព័ត៌មានខ្លះមិនប្រកាន់វិជ្ជាជីវៈក្រមសីលធម៌ដោយ ៖
» ចម្លងតគ្នា យកឈ្មោះស្ថាប័នរដ្ឋនិងតួនាទីម្តាយរបស់ជនសង្ស័យមកដាក់ធ្វើចំណងជើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។
» សសេរផ្ទុយនឹងការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គេ។
ដូចជំទាវបានសរសេរថា ខ្ញុំសូមបញ្ជាក់ថា ៖
ថ្ងៃទី២៨ ក្នុងពេលបាយថ្ងៃត្រង់ជាមួយជនពិការជិត៣០នាក់ ខ្ញុំទទួលព័ត៌មានពីរឿងដ៏ល្បីនេះ ម៉ោង ៥ ល្ងាចក្រោយកម្មវិធីរបស់ខ្ញុំនៅក្រសួងព័ត៌មានចប់ ខ្ញុំបានតេទៅសមត្ថិកិច្ចប្រាប់ពីករណីកូនប្រុសខ្ញុំ និងសូមឲ្យចាត់វិធានការណ៍តាមផ្លូវច្បាប់ ទាំងមិនបានដឹងរឿងច្បាស់ និងបានព្យាយាមតេទៅក្រុមនារីរងគ្រោះ តែពួកនាងនិយាយបិទៗ និងមិនឲ្យពួកខ្ញុំទៅជួប។
យើងខ្ញុំ ៩នាក់ ៣ឡាន បានទៅដល់ពេទ្យ ដើររកគ្រប់អាគារ ទាល់តែបានជួបជនរងគ្រោះដែលគ្រាប់ផ្លាតត្រូវ (មិនមែនជនសង្ស័យបាញ់ទេ)។
ពេលសួរបញ្ជាក់ប្អូននាង និងសង្សានាងសុទ្ធតែបាននិយាយថា មិនពាក់ព័ន្ធរឿងស្នេហាអីនឹងកូនប្រុសខ្ញុំទេ ឯបុរសពាក់ក្រវិលត្រូវជា សង្សានារីរងគ្រោះក៏និយាយថាមិនប្រច័ណ្ឌដែរ (បណ្តឹងពួកគេនិងចម្លើយជនសង្ស័យនៅសមត្ថិកិច្ចដូចគ្នា )។
ពាក់ព័ន្ធនឹងក្លឹបសន្តិសុខមិនត្រូវឲ្យជនសង្ស័យជាភ្ញៀវយកអាវុធចូលទេ ហេតុនេះម្ចាស់ក្លឹបត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សន្តិសុខធូររលុងឲ្យភ្ញៀវវ៉ៃគ្នារហូតឈានដល់ផ្ទុះអាវុធ ហើយពុំមានចាប់ជនបង្កបានទៀត។
ភាគីម្ខាងទៀតនិងជនដែលសារព័ត៌មានខ្លះចុះថា មានកាន់កាំភ្លើង២នាក់ សមត្ថិកិច្ចត្រូវកោះហៅនិងតាមចាប់ឲ្យបានយកមកអប់រំនិងណែនាំ ។
អ្នកសារព័ត៌មានខ្លះគួរនាំគ្នាជួយលុបបំបាត់រាល់បញ្ហាអវិជ្ជមានក្នុងសង្គមប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈ កុំសរសេរដោយចម្លង នៅពេលមិនបានចុះយកបានព័ត៌មានពិត កុំដើម្បីប្រាក់ កុំដើម្បីចង់ល្បី កុំយកហេតុការណ៍ និងកិត្តិយសរបស់គេមកធ្វើអាជីវកម្ម វាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ស្ថាប័នគេ ប៉ះដល់មនុស្សដែលមិនមែនជាជនសង្ស័យ កាឡៃរឿងហេតុទៅជារឿងប្រច័ណ្ឌស្រីស្នេហ៍ជាដើម ។ល។
ខ្ញុំសូមផ្ញើសារទៅបងប្អូនញាតិមិត្ត ៖
រូបខ្ញំបានបំពេញកាតព្វកិច្ចជាម្តាយល្អជាពលរដ្ឋល្អហើយ ប្រៀនប្រដៅកូនតាំងពីតូចរហូតដល់ចាស់និយាយដល់កូនធុញ បើកបរប្រយ័ត្ន កុំដើរយប់ជ្រៅ កុំផឹកឲ្យស្រវឹងជ្រុលកុំប្រើហិង្សា កុំលួចប្លន់ កុំបំពានទ្រព្យគេ។ល។ មិនដែលកាន់ជើងកូនទេ ហើយប្រាប់ថាបើខុសដាក់ថែម នេះជាគោលការណ៍របស់យើងខ្ញុំ។
* កុំសើចយំខ្ញុំ កុំចំអកឡកឡឺយ គ្រប់គ្នាបានបង្កើតកូនមកចេញតែរូបរៀងវាទេ មិនអាចបង្កើតចិត្តឡើយ ហើយគ្មានឪពុកម្តាយណាចង់ឲ្យកូនអាក្រក់ និងសាងកំហុសទេ
* ប៉ុន្តែបើខុសគឺ ត្រូវទៅទទួលកំហុស
* យប់ថ្ងៃ២៨ ខ្ញុំប្រាប់កូនទាំងទឹកភ្នែកថា ដេកពីព្រលប់ ព្រឹកឡើងមុជទឹក ស្លៀកពាក់ឲ្យស្អាត ស៊ីបាយ ហើយចេញទៅជួបសមត្ថិកិច្ចអាវុធហត្ថក្រុងដើម្បីផ្តល់ចម្លើយនូវហេតុការណ៍ខាងលើ។
សរុបលទ្ធផលគាត់ត្រូវមានទោសដូច លោកអ្នកឃើញស្រាប់។ ប៉ុន្តែមិនមែនករណីស្រីស្នេហ៍ ប្រចែប្រច័ណ្ឌ ទៅលួចប្លន់ស្អីទេ គឺដោយទំនាស់ពាក្យសំដី ។
* ខ្ញុំពិតជាមានការសោកស្តាយបំផុត ដែលកូនប្រុសខ្ញុំឆេវឆាវពេក ។
បង្កបញ្ហាប៉ះពាល់ដល់អ្នកដទៃនិងសោកស្តាយចំពោះក្មួយប្រុសដែលពាក់ក្រវិលសង្សានារីរងគ្រោះចំពោះអាកប្បកិរិយា សីលធម៌ ដែលនាំឲ្យមានហេតុ ពេលដែលយើងខ្ញុំទៅជួបប្រាប់ថាសូម្បីឪពុកម្តាយក៏គាត់លាក់មិនឲ្យដឹង។
* ប៉ុន្តែខ្ញុំមោទនភាពចំពោះភាពក្លាហានរបស់កូនដោយហ៊ានទទួលកំហុសខុសឆ្គង និងមិនដើរលួចប្លន់បំពានទ្រព្យសម្បត្តិអ្នកដទៃ ។
* សូមបងប្អូនមេត្តាយកពេលវេលាខ្លះតាមដានកូនចៅកុំឲ្យដូចខ្ញុំ រវល់ការងារច្រើនពេកចោលកូនចៅ។ ការដើរយប់គ្រោះថ្នាក់ណាស់ បើយើងមិនប៉ះគេ ក៍អាចគេប៉ះយើង ហើយពួកគាត់សំងំធ្វើអ្វីក្នុងកន្លែងងងឹតក៏យើងម៉ែឪមិនដឹងម្ចាស់ក្លឹបកំសាន្តខ្លះគេចាំតែយកលុយចំណេញទេ គេមិនរវល់និងសុខភាព សុវត្ថិភាពរបស់ភ្ញៀវ របស់កូនចៅយើងឡើយ ដូចករណីរឿងនៅក្លឹបលុចសារីនេះជាដើម។
* ហើយបើកូនចៅមានរឿង ត្រូវហ៊ានកាត់ចិត្តជម្រុញនិងនាំវាមកឲ្យសមត្ថិកិច្ច ឲ្យគេអប់រំ ដើម្បីឲ្យវារាង ថ្ងៃក្រោយមិនបង្កររឿងហេតុទៀត។
* ចុងក្រោយ សូមតាមដានព័ត៌មាន ទូរទស្សន៍ធំៗដូចកោះសន្តិភាព ហ្វ្រេសញូ ហង្សមាស។ល។ ដែលផ្សាយពិត ប្រកបដោយក្រមសីលធ៍មវិជ្ជាជីវៈ សរសេរផ្សាយត្រឹមត្រូវ។ ព៍តមានខ្លះដាក់ចំណងជើងឲ្យសាហាវ ។ល។ ដើម្បីទាក់ទាញអ្នកចូលមើល ហើយលោកអ្នកមើលឃើញរូបមិនដឹងរឿងពិតផងក៍ចូលទៅជេរបញ្ចោឌឺដងយ៉ាងអសិលធ៍ម។
សូមអរគុណដល់លោកជំទាវ សូលីដា លោកជំទាវ ម៉ារី កញ្ញា ហ្សូរីដា ហ្សូរីម៉ា វ៉ាន់វល័ក្ខ រានូ ចាបតូ ព្រមទាំងកូនក្មួយពិការជាង៣០នាក់ ដែលចូលរួមក្នុងការដឹងឮរឿងហេតុខាងលើជាមួយខ្ញុំជាម្តាយ អរគុណដល់បងប្អូនញាតិមិត្តកូនក្មួយពិការជិត២០០នាក់ ដែលស្រឡាញ់រាប់អាន តេ ឆាត បារម្ភពីខ្ញុំរហូត។
* សូមអរគុណដល់សារព័ត៌មានវិជ្ជាជីវៈសរសេរមានក្រមសីលធម៌ ផ្សាយព័ត៌មានពិត មិនបំពុលសង្គម និងមិនកុហកអ្នកអាន។
សូមគោរពជូនពរបងប្អូន មានសុខភាពល្អ នឹងក្រុមគ្រួសារចៀសឲ្យផុតពីបញ្ហាអវិជ្ជមានទាំងឡាយ !!៕ ដោយ ៖ កូឡាប


