កណ្តាល ៖ នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មានករណីបុរសម្នាក់ បានប្រើប្រាស់អាវុធខ្លីខុសច្បាប់ ផ្ទុះអាវុធ បាញ់៤គ្រាប់ បណ្ដាលឲ្យខូចខាតរបស់របរ និងសម្ភារៈមួយចំនួន បន្ទាប់ពីពួកគេជាច្រើននាក់បានចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាង B Gold ហើយកើតមានការឈ្លោះគ្នា។
ហេតុការណ៍នេះកើតឡើងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី នៅចំណុចហាងខារ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ០១នាក់ ៖ ឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ វត្ថុតាងចាប់យក ៖ ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១ សោម៉ូតូ១ចង្កោម (កូនសោម៉ូតូ១កូនសោរថយន្ត១ តេឡេរថយន្ត១)។ គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។
នៅវេលានិងទីកន្លែងកើតហេតុដូចខាងលើជនសង្ស័យខាងលើបានជិះម៉ូតូ C 125 ពណ៌ខ្មៅ ស៊េរី ២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាង B Gold បន្ទប់លេខ 888, ជាមួយមិត្តភក្ត្រ ប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ហើយឃើញជនសង្ស័យដើរចេញ មកក្រៅហាងចាក់កែបម៉ូតូ យកកាំភ្លើងខ្លីម៉ាកឡុកពណ៌ខ្មៅ យកដើរចូលទៅបាញ់ក្នុងហាងចំនួន០៤គ្រាប់ ហើយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញបាញ់ឲ្យងាប់។ រួចហើយជិះម៉ូតូតាមផ្លូវ១១៥ទៅទិសខាងលិច រួចបាញ់ឡើងលើ០១គ្រាប់ទៀត ហើយគេចខ្លួនបាត់ទៅ។
ករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕ ដោយ៖កូឡាប