ភ្នំពេញ ៖ ក្រោយផ្ទុះការរិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់តាមបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿង ករណីមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ នេះបើតាមលោកបានឲ្យដឹងនៅថ្ងៃនេះ។
សូមជម្រាបជូនថា លោក នេ ត សាវឿន អគ្គស្នងការ នគរបាលជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា « បន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាល ខាងលើត្រូវបាន អនុញ្ញាតឲ្យត្រឡប់ ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគី ទាំងពីរ ទាំងខាងម្ចាស់ហាង និងមន្ត្រីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វី ដែរ » ។
ពាក់ព័ន្ធនឹងមន្ត្រីនគរបាលរូបនេះ គឺបានកើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook ដោយមានគេចែករំលែកតគ្នាយ៉ាងច្រើនកុះករ។
លោកវីល្លាម បានលើកឡើងថា “ទប់លែងជាប់ហើយ នេះហើយជាសិទ្ធអំណាចរបស់ពលរដ្ឋដែលបានប្រេីប្រាស់សិទ្ធរិះគន់ស្ថាបនាស្របតាមគោលការណ៍ប្រជាធិបតេយ្យ ហើយស្របជាមួយកាលៈទេសៈដែលរាជរដ្ឋាភិបាលដាក់ទិសដៅកែទំរង់ ដោយផ្ដោតលេីការ វះកាត់ ជាមូលដ្ឋាន ។ រាល់អំពេីណាដែលនាំអោយពលរដ្ឋក្ដៅក្រហាយ ត្រូវពិនិត្យមើលនិងអនុវត្តន៍ច្បាប់ជាធរមាន កុំរងចាំទាល់តែគេជេរ គេរិះគន់ទេីបអនុវត្តន៍ ជាពិសេសកុំព្យាយាមជួយការពារ ឬជួយបិទបាំង ដោយប្រេីលេសដោះសារមិនព្រមរកវិធីដោះស្រាយ ជាចលកររុញច្រានអោយពលរដ្ឋកាន់តែខឹងសម្បារបន្ថែម “៕ ដោយ៖កូឡាប