Saturday, December 3, 2022

រឿង​សម្លាប់​ស្ត្រី​រកស៊ី​ចងការ​ម្នាក់ តុលាការ​​ផ្តន្ទាទោស​បុរស​ ២​ នាក់ ដាក់ពន្ធនាគារ​មួយជីវិត និង​ស្ត្រី​ម្នាក់ រយៈពេល ៣០​ឆ្នាំ

spot_img

​ភ្នំពេញ ៖ សំណុំរឿង​ជន​ជាប់​ ៣​ នាក់ រួមគំនិត​គ្នា សម្លាប់​ស្ត្រី​ម្នាក់ ​ដាក់​កញ្ឆេ​នំប៉័ង​ទៅ​បោះ​ចូល​លូទឹកស្អុយ ត្រូវបាន​លោក រស់ សាម៉ឺឌី ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស ២​នាក់ ដាក់ពន្ធនាគារ​អស់​មួយជីវិត និង​ស្ត្រី​ម្នាក់ទៀត រយៈពេល ៣០​ឆ្នាំ​។​

​ទណ្ឌិត ទី​១​ឈ្មោះ កែវ សុផាត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ អ្នកលក់​នំប៉័ង​, ទី​២​ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ អ្នក​រើស​អេតចាយ និង​ទី​៣​ឈ្មោះ អាត អឿន ភេទ​ស្រី អាយុ ៣១​ឆ្នាំ មុខរបរ អ្នកលក់​នំប៉័ង ត្រូវ​តុលាការ​ផ្តន្ទាទោស ពីបទឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​លើ​ជនរងគ្រោះ​ឈ្មោះ ខ្នើយ សឹង កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ យោងតាម​មាត្រា ២០០​នៃ​ក្រមព្រហ្មទណ្ឌ​។​

​នៅក្នុង​សវនាការ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ក្រុម​ជនជាប់ចោទសារភាពថា មូលហេតុ​ដែល​ពួកគេ​បែកគំនិត ប្លន់​សម្លាប់​ជនរងគ្រោះ ព្រោះតែ​ជនរងគ្រោះ បាន​រកស៊ី​ចងការ​ប្រាក់​ឲ្យ​ជនជាប់ចោទ​ឈ្មោះ អាត អឿន ចំនួន ២០​ម៉ឺន​រៀល ដោយ​គ្មាន​ប្រាក់​សង និង​មើលឃើញថា ជនរងគ្រោះ​មាន​សម្ភារៈ អាច​ប្លន់​យកទៅ​លក់បាន ទើប​ពួកគេ ធ្វើ​សកម្មភាព​ប្លន់​ជនរងគ្រោះ នៅពេល​ពួកគេ​ណាត់​ជនរងគ្រោះឲ្យ​មក​យកលុយ​ជំពាក់។ នៅពេល​សម្លាប់​ជនរងគ្រោះ​រួច ពួកគេ​បាន​យក​សម្ភារៈ​រួមមាន ៖ ម៉ូតូ​ម៉ាក​ស្កុប​ពី​១​គ្រឿង​, ទូរស័ព្ទ iPhone ២​គ្រឿង​,​ខ្សែក​, ក្រវិល​, នាឡិកា​, និង​សម្ភារៈមួយចំនួនទៀត​ចែកគ្នា​។​

​តាមរយៈ​ការស្រាវជ្រាវ និង​មុខសញ្ញា កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ក្រុម​ជនជាប់ចោទ​ខាងលើ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ជនរងគ្រោះ រួច​ច្រក​ក្នុង​កញ្ឆេ​នំប៉័ង យកទៅ​បោះចោល ក្នុង​លូទឹកស្អុយ តាមផ្លូវ​សឡា ក្បែរ​ស្ថានីយ៍​ប្រេង​តេ​លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕​ ដោយ​៖​កូ​ឡាប​