ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា យប់មិញនេះ មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយករណី បានកើតឡើង នៅម្តុំជិតផ្សារទំនប់រលកស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោង៨កន្លះ យប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។
ក្រោយមានអគ្គីភ័យឆាបឆេះ សមត្ថកិច្ចផ្នែកពន្លត់អគ្គីភ័យ បានចេញរថយន្តទឹកទៅអន្តរាគមន៍ជួយពន្លត់ភ្លាមៗ ដោយប្រើពេលជិតកន្លះម៉ោង ទើបអាចគ្រប់គ្រងភ្លើងនោះ មិនឲ្យបន្តឆេះរីករាលដាល ហើយក៏បានពន្លត់ភ្លើងនោះ ឲ្យរលត់ទៅវិញនៅម៉ោងជាង ៩យប់ថ្ងៃដដែល។
សមត្ថកិច្ចបញ្ជាក់ថា អគ្គីភ័យខាងលើនេះ បានបណ្តាលឲ្យផ្ទះ របស់ប្រជាពលរដ្ឋចំនួន ២ខ្នងរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួស ឬមានគ្រោះថ្នាក់អ្វីនោះទេ។
សមត្ថកិច្ចនគរបាល បានអះអាងជាជំហ៊ានបឋមថា មូលហេតុទំនងជាអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕ ដែន សីមា