Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំពី​ការត្រៀម និង​ឆ្លើយតបពេល​មាន​គ្រោះទឹកជំនន់​

ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល​បានបញ្ជាក់ ដល់​សាធារណជន ទាំងអស់​ថា ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យមាន ការផ្លាស់ប្ដូរ​រដូវ​កាល និង​បង្ក​ឲ្យ​កើតមាន​ជា​ញឹកញាប់ នូវ​គ្រោះធម្មជាតិ រលក​កម្ដៅ ផ្គរ​រន្ទះ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​គ្រោះរាំងស្ងួត ដែល​គ្រោះមហន្តរាយ​ទាំងនេះ បង្ក​នូវ​ផលប៉ះពាល់​ខូចខាត ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់​សុខភាព និង​ស្លាប់​អត់​បងជីវិត​ប្រជាជន​។

​បើ​យោងតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ បាន​បញ្ជាក់ថា ដូចនេះ​ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិប្បបរមា នូវ​ផលប៉ះពាល់​សុខភាព អាយុជីវិត​ជនរងគ្រោះ និង​មូលដ្ឋាន​សុខាភិបាល ពី​គ្រោះធម្មជាតិ ពិសេស​គ្រោះទឹកជំនន់ ដែល​អាច​កើតមាន​ពេលខាងមុខ លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តតាម​ការណែនាំ​មួយចំនួន ដូចជា នៅ​មុនពេល​ទឹកជំនន់ ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទីទួល​សុវត្ថិភាព និង​ស្បៀងអាហារ​ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ ឬ​កន្លែង​ដែលមាន​ទឹក​ជ្រៅ ត្រូវ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត នឹង​សាងសង់​បង្គន់ ត្រូវធ្វើ​ឲ្យ​ប្រសើរ បើ​ទាប​ធ្វើ​ឲ្យ​ខ្ពស់ ដើម្បី​ការពារ​ទឹកជំនន់​។ អំឡុងពេល​មាន​ទឹកជំនន់ មិនត្រូវ​ចូលទៅ​ក្នុងផ្ទះ​ចាស់ ឬ​អគារ​ទ្រ​ឌ​ទ្រោម ព្រោះ​អាច​ស្រុត​បាក់​បង្ក​គ្រោះថ្នាក់​។ ដើម្បី​ចៀសវាង​នូវ​បញ្ហា​រាគរូស រាក​មូល ពុល​ចំណីអាហារ ឬ​ជំងឺ​ផ្សេងៗ​ទៀត ដែល​បង្កឡើង​ដោយ​ទឹកជំនន់ ត្រូវ​បរិភោគ​ទឹកស្អាត ដោយ​ប្រើ​ធុង​ច​ម្តោះ ដាំទឹក​ឱ្យ​ឆ្អិន​ល្អ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ក្លរ​រី​ន ឬ​ក្ល​រ៉ា​មីន ត្រូវ​លាង​សម្អាត​បន្លែ និង​ផ្លែឈើ​ជាមួយ​ទឹកស្អាត អាហារ​ចម្អិន​ឲ្យ​បាន​ត្រឹមត្រូវ និង​ឆ្អិន​ល្អ គ្រប​អាហារ​ឲ្យ​បាន​ជិត​ល្អ ដើម្បី​ការពារ​រុយ​រោម នឹង​ធូលី​ដី​ហុយ​ចូល ព្រមទាំង​សំអាត​កន្លែង​ធ្វើ​ម្ហូប និង​សម្ភារ​ផ្ទះបាយ ដូចជា​ចានឆ្នាំង​ស្លាបព្រា ផ្ទះ​កាំបិត​ជ្រញ់ អោយបាន​ស្អាត លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឱ្យបាន​ញឹកញាប់ មុន​និង​ក្រោយ​បរិភោគ​អាហារ និង​ក្រោយ​ចេញពី​បង្គន់​។ ដើម្បី​ជៀសវាង​ការចម្លង​ជំងឺ​រលាក​ផ្លូវដង្ហើម ជា​ចាំបាច់ ត្រូវ​ពាក់​ម៉ាស ឬ​កូនកន្សែង​ក្រមា​ខ្ទប់មាត់ ពេល​ក្អក​ឬ​កណ្ដាស់ នឹងត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ ដែល​ក្អក​ឬ​កណ្ដាស ហើយ​មិនត្រូវ​នៅក្បែរ​កន្លែង មាន​ធូលី​ដី​ហុយ បើ​ចាំបាច់​ត្រូវតែ​ពាក់​ម៉ាស់​។ នៅពេល​ដែលមាន​ធាតុអាកាស​ប្រែប្រួល ភ្លាមៗ​ត្រូវ​យកចិត្តទុកដាក់ ថែទាំ​សុខភាព ដូច​ជាការ​ស្លៀកពាក់ ឲ្យ​បាន​ត្រឹមត្រូវ នឹង​ចៀសវាង​ចេញ​ក្រៅ​ផ្ទះ ក្នុង​រយៈពេល​យូរ​។ ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ ឲ្យ​ស្អាត​ដែល​ងូតទឹក​ដុស​សាប៊ូកក់ សក់ បោក​សម្លៀកបំពាក់ ឲ្យ​បាន​ស្អាត ចៀស​វា​នៅ​ជំងឺ​សើ​ស្បែក ពងទឹក​កមរមាស់ ជាដើម​។ នៅពេល​ក្រោយ​ទឹកជំនន់ ត្រូវ​បន្ត​បរិភោគ​ចំណីអាហារ ទឹកស្អាត និង​អនាម័យ​ខ្លួនប្រាណ ឱ្យបាន​ស្អាត ចៀសវាង​នូវ​ជំងឺ​ផ្សេងៗ ត្រូវ​បន្ត​សម្រាន្ត​ក្នុង​មុង គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ ត្រូវធ្វើ​អនាម័យ​ជុំវិញ​ផ្ទះ ព្រោះ​ក្រោយពេល​ទឹក​ស្រក​ទៅ បាន​បន្សល់​នូវ​ភាពកខ្វក់ នឹង​មេរោគ​ជាច្រើន នៅក្នុង​ទឹក​ចៀសវាង​នូវ​ការដក់​ទឹក​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ​នាំ​ឲ្យ​មាន​ដង្កូវទឹក កើត​មូស​ខ្លា និង​មូស​ដែកគោល ដែល​អាច​បង្កឱ្យមាន​ជំងឺគ្រុនឈាម និង​គ្រុនចាញ់​។ ត្រូវ​ស្ដារ និង​សម្អាត​អណ្ដូងទឹក មុនពេល​ប្រើប្រាស់ ព្រមទាំង​ជួសជុល និង​សាងសង់​បង្គន់​ឡើងវិញ ដោយ​ជានិច្ចកាល ត្រូវ​បន្ទោបង់​ក្នុង​បង្គន់​គ្រប់ពេល​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់​បន្ថែមថា ទាំង​មុនពេល ក្នុងពេល និង​ក្រោយពេល ទឹកជំនន់ ប្រសិនបើ​លោកអ្នក មាន​បញ្ហា​សុខភាព សូម​ស្វែងរក​ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ ជាបន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព ក្បែរ​ទីទួល​សុវត្ថិភាព ឬ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ ក្រសួងសុខាភិបាល បានដែរ​នាំ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ទាំងអស់​ឲ្យ​ត្រៀមលក្ខណៈ រួចជាស្រេច នូវ​ឱសថ បរិក្ខារ​ពេទ្យ សេរ៉ូម​ប្រឆាំង​ពិសពស់ សម្រាប់​ជួយ​អន្តរាគមន៍ នៅពេល​មាន​ពស់​ចឹក ព្រមទាំង​ត្រៀម ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដែលមាន បញ្ហា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ និង​ទាន់ពេលវេលា ទៅតាម​និយាម​ប្រតិបត្តិ​ពេទ្យ ត្រឹមត្រូវ​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

 

×