ភ្នំពេញ ៖ ប្រឡាយបឹងត្របែក ដែលស្ថិតនៅក្នុងខណ្ឌចំការមន ជាអាងដ៏សំខាន់ ក្នុងការរំដោះទឹកស្អុយ និងជំនន់ទឹកភ្លៀងនារដូវវស្សា ចេញពីក្នុងរាជធានីភ្នំពេញ កំពុងរងការទន្ទ្រានពីជនខិលខូចមួយចំនួន បានចាក់ដីលុប យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
បទបញ្ជានេះ តើមានប្រសិទ្ធភាពទេ ពីព្រោះថាកាលអស់លោកថ្នាក់ដឹកនាំមុនៗ ដែលចូលនិវត្តន៍ហើយនោះ គាត់ក៏ធ្លាប់ដាក់បទបញ្ជាលើការចាក់ដី និងបោះបង្គោលទន្ទ្រានចូលអាងស្តុកទឹកបឹងត្របែកនេះដែរ ប៉ុន្តែហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ ធ្វើឱ្យផ្ទៃអាងបឹងត្របែកចេះតែរួមតូចទៅៗ ហើយឈានទៅបាត់បង់ទាំងស្រុង ព្រោះថាអ្នកចាក់ដីនោះ សុទ្ធតែអ្នកធំ អ្នកមានអំណាចគ្រាក់ៗ។ ប្រជាពលរដ្ឋក៏ដូចជាមហាជន បានលើកឡើងថា គេចាក់ដីលុបជិតអស់ហើយ ទើបតែឃើញអាជ្ញាធរដឹកដៃគ្នាចុះទៅទប់ស្កាត់ ចុះអាជ្ញាធររាល់ថ្ងៃនេះ កំពុងធ្វើអី បានជាមិនដឹងគេ ចាក់ដីចូលក្នុងអាងបឹងត្របែក។
ពាក់ព័ន្ធករណីខាងលើនេះ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន ដែលទើបតែឡើងកាន់តំណែងនាពេលថ្មីៗនេះ បានបញ្ចេញកណ្ដាប់ដៃ ដោយបានដឹកនាំកម្លាំងចម្រុះ រួមទាំងមន្ត្រីជំនាញ នៃភូមិបាលខណ្ឌចំការមន និងលោកចៅសង្កាត់ ចុះទៅពិនិត្យមើលស្ថានភាពអាងស្តុកទឹក នាតំបន់បឹងត្របែក និងទប់ស្កាត់ដោយហាមឃាត់ រាល់សកម្មភាពនៃការចាក់ដីលុបចូលដីបឹងប្រឡាយបឹងត្របែកដោយគ្មានច្បាប់អនុញ្ញាត។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងដោយសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ ក្នុងនាមអាជ្ញាធរខណ្ឌចំការមន និងចាត់វិធានការក្ដៅដោយគ្មានការលើកលែង ចំពោះជនខិលខូចមួយចំនួន ដែលតែងតែយាយី ក្នុងបំណងអាក្រក់លបលួច ធ្វើសកម្មភាពដោយចាក់ជីកលុបរំលោភទន្ទ្រាន យកដីបឹងអាងស្តុកទឹកបឹងត្របែក មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ហើយចាប់ពីពេលនេះតទៅ ក្នុងនាមអាជ្ញាធរខណ្ឌចំការមន ស្នើឲ្យអស់លោកចៅសង្កាត់ និងអស់លោកជាមន្ត្រីជំនាញ នៃភូមិខណ្ឌត្រូវចុះពិនិត្យមើលជាប្រចាំ និងទប់ស្កាត់ឲ្យខាងតែបាន នៃការចាក់ដីលុបចូលដីបឹងអាងស្តុកទឹកប្រឡាយបឹងត្របែក ហើយលោកនិងដាក់កម្លាំងចុះការពារយាមកាម នៅតំបន់បឹងត្របែកនេះ ជាប្រចាំដោយចាត់វិធានការក្ដៅ យ៉ាងម៉ឺងម៉ាត់ ចំពោះជនខិលខូចមួយចំនួន ដែលចាក់ដីលប់យកដីអាងស្តុកទឹកបឹងត្របែក។
ដីប្រឡាយបឹងត្របែក ឬដីតំបន់អាងស្ត្កកទឹកបឹងត្របែក ក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ នាពេលកន្លងមក និងបច្ចុប្បន្ននេះ មានពួកក្រុមជនខិលខួចមួយចំនួន តែងតែលួចមកធ្វើសកម្មភាព ជីកចាក់ដីលុបដីបឹងត្របែក យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យដីប្រឡាយបឹងត្របែកនេះ កាន់តែរួមតូចទៅៗ ធ្វើឲ្យស្ទះមុខទឹកក្នុងការរំដោះទឹកជំនន់ ដោយទឹកភ្លៀងនារដូវវស្សា នៅក្នុងរាជធានីភ្នំពេញ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានប្រកាសចាត់វិធានការក្ដៅ ចំពោះជនខិលខូចទាំងឡាយណា ដែលធ្វើសកម្មភាពចាក់លុបដីបឹងត្របែក៕ ដោយ៖កូឡាប