ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្នុងផេកហ្វេសប៊ុកផ្លូវការថា សូមអបអរសាទរ និងកោតសរសើរដល់ក្រុមកីឡាបាលទាត់ ព្រះខ័នរាជខេត្តស្វាយរៀង ដែលបានលើកពាន នៅក្នុងការប្រកួតដណ្តើម “ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៧” លើកទី១១ ដោយបានប្រកួតឈ្នះក្រុម ណាហ្គាវើល (០៣-០០) ដែលបានបញ្ចប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧។
សម្តេចតេជោ បានបញ្ជាក់ថា អរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗដែលគាំទ្រវិស័យកីឡា ដែលបានមកចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋាន និងទស្សនាតាមទូរទស្សន៍ និងតាម Facebook LIVE របស់ សម្តេជោនាយករដ្ឋមន្ត្រី។ កីឡាមានឈ្នះ មានចាញ់គឺជារឿងធម្មតា។ សូមកីឡាករទាំងអស់ ទាំងអ្នកឈ្នះ និងអ្នកចាញ់ បន្តខិតខំហ្វឹកហាត់អោយបានល្អខ្លាំងឡើងថែមទៀត ដើម្បីចូលរួមប្រកួតនៅពេលក្រោយៗទៀត ជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
សូមជូនពរកីឡាបាល់ទាត់កម្ពុជាទទួលបានជោគជ័យថ្មីៗជាបន្តទៀតទាំងក្នុងការប្រកួតក្នុងប្រទេស និងលើឆាកអន្តរជាតិ។
នារាត្រីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧លោក សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះគឺជាលើកទី៤ហើយដែលក្រុមព្រះខ័នរាជស្វាយរៀងបានគ្រងតំណែងជើងឯកប្រចាំព្រឹត្តិការណ៍ដ៏ធំ បន្ទាប់ពីលីគកំពូលកម្ពុជាមួយនេះ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀង គឺធ្វើសម្រេចដោយកីឡាករ សុក សំណាង ២គ្រាប់នៅនាទីទី២១ និងនាទីទី៣១ និង ១គ្រាប់ទៀត គឺធ្វើសម្រេចដោយកីឡាករ ហ៊ួយ ផល្លីន នៅនាទី៦៥ ។ ចំណែកក្រុមណាហ្គាវើល ក៏ព្យាយាមណាស់ដែរ តែធ្វើមិនបានសម្រេច ។ នេះគឺជាលើកទី៣ហើយដែលក្រុមណាហ្គាវើលបានបរាជ័យក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀង ក្នុងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែល ២លើកមុន គឺក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្នុងលទ្ធផល ២-១ ដូចគ្នា កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៥ ។
ចំពោះចំណាត់ថ្នាក់លេខ ៣ បានទៅក្រុមអគ្គិសនីកម្ពុជាដែលប្រកួតចុងក្រោយឈ្នះក្រុមបឹងកេត៥ ទល់ ៤នោះ ។ ៩០នាទីក្នុងម៉ោងធម្មតា ក្រុមទាំង២នេះប្រកួតស្មើគ្នា ១ ទល់ ១ ។ ទីបំផុតក្រុមទាំង២នេះ ត្រូវកាត់ក្ដីដើម្បីរកក្រុមឈ្នះ និង ក្រុមចាញ់ដោយទាត់បាល់ប៉េណាល់ទី ។ លទ្ធផលចុងក្រោយចំណាត់ថ្នាក់លេខ ៣ ធ្លាក់ទៅក្នុងកណ្ដាប់ដៃក្រុមអគ្គិសនីកម្ពុជា ដែលឈ្នះក្រុមបឹងកេត ក្នុងលទ្ធផល៥ ទល់៤ទាំងប្រផិត ប្រផើយ ៕ ដោយ៖កូឡាប