Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ដាំ​ខ្ទឹម​ស និង​ផលិត​ទឹកឃ្មុំ​អា​មេ​រិច សប្បាយចិត្ត​ចំពោះ​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​

​កសិករ​អា​មេ​រិច​ភាគច្រើន​បាន​រង​ការប៉ះពាល់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិច និង​ចិន ប៉ុន្តែ​សម្រាប់​កសិករ​ផលិត​ខ្ទឹមស និង​ទឹកឃ្មុំ មានការ​សប្បាយចិត្ត និង​អបអរ​ចំពោះ​វិធា​ការ​របស់​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​។​

“​វា​គឺជា​ពេល​ដ៏​សប្បាយរីករាយ​មួយ​សម្រាប់​ពួកយើង​នៅ​ទីក្រុង Gilroy រដ្ឋ Califonia”​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក Ken Christopher ដែល​ជា​ម្ចាស់​កសិដ្ឋាន Christopher Ranch ដែល​ជា​កន្លែង​ដាំ​ខ្ទឹមស​ដ៏​ធំ​បំផុត​នៅ​អា​មេ​រិច​។​

​លោក​ថ្លែង​ប្រាប់ AFP ដូច្នេះ​ថា ខ្ទឹមស​ស្ទើរតែ​ទាំងអស់​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ត្រូវ​បាន​ដាំ​ដុះ​នៅ​អា​មេ​រិច​មុន​ឆ្នាំ ១៩៩៣ ប៉ុន្តែ​វា​បាន​ផ្លាស់ប្តូរ​ក្នុង​ពេល​មួយ​យប់​ប៉ុណ្ណោះ នៅពេល​អ្នកជំនួញ​ចិន​ចាប់ផ្តើម​នាំចូល​ផលិតផល​របស់​ពួកគេ​ដ៏​ច្រើន​មក​កាន់​ទីផ្សារ​អា​មេ​រិច ដែល​ធ្វើឲ្យ​អ្នកដាំ​ខ្ទឹមស​ទូ​ទាំង​ប្រទេសបាត់​ខ្លួន​។​

​លោក​និយាយថា “​បើ​ត្រឡប់​ទៅកាន់​ទសវត្ស​ន៍​ឆ្នាំ ១៩៩០​វិញ នៅ​អា​មេ​រិច​ធ្លាប់​មាន​កសិដ្ឋាន​ដាំ​ខ្ទឹមស​ធំៗ ចំនួន ១២ ប៉ុន្តែ​បច្ចុប្បន្ន កសិដ្ឋាន​នៅ​សល់​ត្រឹមតែ ៣​ប៉ុណ្ណោះ ហើយ​នោះ​ដោយសារតែ​ការ​នាំចូល​ខុស​ច្បាប់​នូវ​ខ្ទឹមស​របស់​ចិន​យ៉ាងច្រើន​”​។​

“​ចាប់តាំងពី​ឆ្នាំ ១៩៩៣​មក ពួកគេ​បាន​នាំចូល​ផលិតផល​ខ្លួន​មក​កាន់​ទីផ្សា​រអា​មេ​រិច​ដែល​តម្លៃ​ខ្ទឹមស គឺ​ថោក​ជាង​តម្លៃ​ផលិតកម្ម​របស់​ពួកគេ​”​។​

​សូមបញ្ជាក់​ថា កសិដ្ឋាន​របស់លោក Ken Christopher ផលិត​បាន​ខ្ទឹមស​ចំនួន ៤៥​លាន​គីឡូក្រាម​ជា​រៀងរាល់ឆ្នាំ ដែល​ចំនួន​នេះ​ស្មើនឹង​ចំនួន ៣០​ភាគរយ​នៃ​ខ្ទឹមស​ប្រើប្រាស់​ក្នុង​អា​មេ​រិច​។​

​ខ្ទឹមស​ចិន​មួយ​ប្រអប់​មានតម្លៃ ២៥​ដុល្លា​ប៉ុណ្ណោះ មុនពេល​លោក​ដូណាល់ ត្រាំ ដំឡើង​ពន្ធ ហើយ​បច្ចុប្បន្ន​ខ្ទឹមស​ចិន​មួយ​ប្រអប់​ទម្ងន់ ១៣​គីឡូក្រាម​មាន​តម្លៃ ៤៥​ដុល្លា​។ តម្លៃ​នេះ​ប្រហាក់ប្រហែល​ទៅ​នឹង​ខ្ទឹមស​ដែល​ដាំ​នៅ​អា​មេ​រិច​ដែល​មាន​តម្លៃ ៥០ ទៅ ៦០​ដុល្លា​ក្នុង​មួយ​ប្រអប់​ដូចគ្នា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

×