ភ្នំពេញ៖ ទោះបីជាការផ្សាយពាណិជ្ជកម្មផលិផលថ្នាំជក់ត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រឲ្យចូលជាធរមានតាំងពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៥ មកក៏ដោយ ឧស្សាហកម្មថ្នាំជក់នៅតែបំពានផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការអង្កេតស្តីពីការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ដែលបានធ្វើឡើងដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីខែកក្កដាឆ្នាំ២០១៧ បានបង្ហាញឲ្យឃើញថា ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅតែមាន។ ៤៦% នៃកន្លែងលក់គ្រឿងទេសនិង ៧%នៃភោជនីយដ្ឋាន/អាហារដ្ឋាន មានផ្សាយពាណិជ្ជកម្មបារី។ ទម្រង់នៃការផ្សាយពាណិជ្ជកម្មដែលប្រទះឃើញមានច្រើនជាងគេគឺ ផ្ទាំងរូបភាពតូចៗមានដល់ទៅ ៨៧.៥%។ ម៉ាកផលិតផលថ្នាំជក់ដែលឃើញមានផ្សាយពាណិជ្ជកម្មច្រើនជាងគេមាន Fine(៤៧%) Alain Delon (៤៩%) Luxury (១៣%) Happy Time (១៣%) ARA (៧%) Cambo (៧%) និង Winston (៧%) ។
មានភស្តុតាងច្បាស់លាស់បង្ហាញថា ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភ បង្កើនការប្រើប្រាស់ថ្នាំជក់ រីឯការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភ កាត់បន្ថយការប្រើប្រាស់ថ្នាំជក់។ ការហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ជាវិធានការមួយក្នុងចំណោមវិធានការដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដែលត្រូវបានកំណត់ក្នុងអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់អង្គការសុខភាពពិភពលោក។
ការប្រើប្រាស់ផលិតផលថ្នាំជក់ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាឧបសគ្គនៃការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជា ១ម៉ឺននាក់ ត្រូវបានស្លាប់ដោយសារជំងឺដែលបង្កដោយការប្រាស់ផលិតផលថ្នាំជក់ (អង្គការសុខភាពពិភពលោក)។ ថវិកាប្រមាណ២០០លានដុល្លារអាមេរិកត្រូវបានចំណាយដើម្បីទិញបារីជក់ (វិទ្យាស្ថានជាតិស្ថិតិ ២០១៥) ហើយថវិកាប្រមាណ១៦២លានដុល្លារអាមេរិកត្រូវបានចំណាយដើម្បីព្យាបាលជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ប្រាំមុខ (មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព)៕ ដោយ ៖ កូឡាប