តាកែវ ៖ ក្រោយពីមានការកើនឡើងចំពោះអ្នកបរិភោគនំបញ្ចុក មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ រួមជាមួយលោក កង អាណាន់ អភិបាលក្រុងដូនកែវ និងសមត្ថកិច្ចពាក់ព័ន្ធ បានសហការណ៍គ្នាចុះពិនិត្យមើលការផលិតនំបញ្ចុក និងបន្លែ បង្កាមួយចំនួន ដើម្បីរកមើលសារធាតុគីមី និងអនាម័យន័យការផលិត ក្នុងគោលបំណងដើម្បី ធានាអោយបានចំពោះសុវត្ថិភាពអ្នកបរិភោគ ។
ការចុះពិនិត្យនៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩នេះដែរ មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវបានធ្វើការពីនិត្យ និងធ្វើតេស្តបឋមទៅលើនំបញ្ចុក បន្លែជាប្រភេទល្បោយ សសៃគុយទាវ បង្អែមលត និងត្រីងៀតបបែល ។ ដោយក្នុងការចុះពីនិត្យនោះដែរលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុត្រូលខេត្តតាកែវបានអោយដឹងថា ឆ្លងកាត់ការធ្វើតេស្តបឋមលើគ្រឿងឧបភោគបរិភោគទាំងនោះ គឺមន្ត្រីជំនាញយើងបានរកឃើញ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់ ចំណែកឯនំបញ្ចុក បន្លែជាប្រភេទល្បោយ បង្អែមលត សរសៃគុយទាវ គឺមិនមានសារធតុគីមីអ្វីឡើយ ។
លោកបានបន្តថា ចំពោះការរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ និងត្រីងៀតបបែលមួយចំនួន មន្ត្រីជំនាញយើងបានធ្វើការដកហូតយកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការបំផ្លាញចោល ។ ទន្ទឹមនិងមានការចូលរួមចុះពីនិត្យនោះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការអប់រំដល់បងប្អូនជាអាជីវករលក់ដូរក្នុងផ្សារតាកែវ ត្រូវចូលរួមទាំងអស់គ្នា លក់ទំនិញ ដែលមានគុណភាព និងមានអនាម័យល្អ គ្មានជាតិគីមី ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងដែលជាអ្នកបរិភោគ ៕ ដោយ ៖ តាកែវ