Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មានតែ​មួយ​អាណត្តិ​នេះ​

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ បានប្រកាសថា​ ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​សមាសភាព​នានា មកពី​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋសភា ដែល​ចូលរួម​ការបោះឆ្នោត នឹង​មាន​ត្រឹមតែ​អាណត្តិ​នេះ​ប៉ុណ្ណោះ​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ត្រូវបាន​បង្កើតឡើង តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​ការស្នើសុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​។​

​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​មកពី​គណបក្ស​នយោបាយ​នីមួយៗ ត្រូវបាន​ប្រគល់​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​សម្រាប់​ប្រធាន​ប្រតិភូ និង​ស្មើ​រដ្ឋមន្ត្រី​សម្រាប់​អនុប្រធាន​ប្រតិភូ​។ ប្រធាន​ប្រតិភូ​នៃ​គណបក្ស​នយោបាយ​នី​មួយៗ​ត្រូវបាន​ប្រគល់​តួនាទី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ថែមទៀត​ផង​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​។​

​សមាជិក​ឧត្តម​ក្រុមប្រឹក្ស​ពិគ្រោះ និង​ផ្តល់​យោបល់ អាច​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ​រាល់​សកម្មភាព​របស់​មន្ត្រី​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធម៌​ថ្នាក់ក្រោម​ជាតិ ហើយក៏​អាច​កោះហៅ​មក​សួរនាំ​លើ​រឿងរ៉ាវ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​សកម្មភាព​បម្រើ​សង្គមជាតិ និង​ប្រជាជន​ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

×