ប្រទេសមិចស៊ិចកូបានព្រមព្រៀងគ្នាជាមួយអាមេរិចក្នុងការចាត់វិធានការ ដើម្បីទប់ស្កាត់លំហូរអន្តោប្រវេសន៍ខុសច្បាប់របស់ខ្លួន ចូលក្នុងទឹកដីអាមេរិច។ វិធានការរបស់មិចស៊ិចកូបែបនេះធ្វើឡើងដើម្បីបញ្ជៀសការយកពន្ធលើមុខទំនិញរបស់ខ្លួន ដែលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាស។
លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងសម្រេចហើយ ដើម្បីព្យួរការយកពន្ធលើប្រទេសមិចស៊ិចកូ។
កាលពេលថ្មីៗនេះ លោកបានព្រមានយកពន្ធចំនួន ៥ភាគរយលើទំនិញនាំចូលពីប្រទេសមិចស៊ិចកូ និងត្រូវដំឡើងជារៀងរាល់ខែរហូតដល់ ២៥ភាគរយ នៅខែតុលាខាងមុខ ប្រសិនជាប្រទេសមិចស៊ិចកូ មិនមានវិធានការអ្វីសោះ ដើម្បីទប់ស្កាត់លំហូរអន្តោប្រវេសន៍ខុស។
រដ្ឋលេខាធិការក្រសួងការបរទេសប្រទេសមិចស៊ិចកូ លោក Marcelo Ebrard ក៏បានបញ្ជាក់ថាកិច្ចព្រមព្រៀងសម្រេចបាននៅថ្ងៃចុងបញ្ចប់នៃកិច្ចចរចារ ដែលមានរយៈពេល ៣ថ្ងៃ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងបានកើតឡើង ក្រោយពេលមិចស៊ិចកូបានចាត់វិធានការ ដោយបញ្ជូនកងកម្លាំង ៦.០០០នាក់ទៅកាន់ព្រំដែន ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទឹកដីអាមេរិច៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC