Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នំ​បញ្ចុក មាន​ប្រភព​កើតចេញ ពី​គ្រួសារ​អ្នកស្រែ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​ធ្វើស្រែ​ស្រូវ​វារ​

​ភ្នំពេញ​ ៖ សម្ដេច​ពិជ័យ​សេនា បាន​ថ្លែងថា “​នំ​បញ្ចុក​” គឺជា​អាហារ​ដ៏​ពេញនិយម​មួយ របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ តាំងពី​យូរលង់​ណាស់​មកហើយ​។ វា​គឺជា​អាហារ​តំណាងអត្តសញ្ញាណ​ជាតិខ្មែរ សាមគ្គីភាព និង​ឯកភាព​ជាតិ​តែមួយ​។ បើ​យោង​ទៅតាម​ដំណាល​តៗ​គ្នា​មក “​នំ​បញ្ចុក​” មាន​ប្រភព​កើតចេញពី​គ្រួសារ​អ្នកស្រែ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​ធ្វើស្រែ​ស្រូវ​វារ​។​

​នៅ​មុន​មួយ​ថ្ងៃ​នៃ​ពិធី​ពិសា​នំ​បញ្ចុក​សាមគ្គី សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៅ​ថ្ងៃ​ទី ៨ មិថុនា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវការ​ថា ៖ តាមរយៈ​រឿង “​ធនញ្ជ័យ​” យើង​អាច​សន្និដ្ឋានបាន​ថា “​នំ​បញ្ចុក​” មាន​វត្តមាន​ជា​យូរយារ​ណាស់​មកហើយ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ប្រហែលជា​មាន​វត្តមាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​។ បើ​យោង​ទៅតាម​ដំណាល​តៗ​គ្នា​មក “​នំ​បញ្ចុក​” មាន​ប្រភព​កើតចេញ​ពី​គ្រួសារ​អ្នកស្រែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ធ្វើស្រែ​ស្រូវ​វារ ព្រោះថា ពួក​គាត់​រស់នៅ​តំបន់​ទឹក​លិច មិន​អាច​ដាំ​ស្រូវ​ល្អ​បាន ហើយ​ស្រូវ​វារ​ជា​ប្រភេទ​ស្រូវ​ដែល​ដាំបាយ​ឆី​មិន​ឆ្ងាញ់​។ ពួកគាត់​ក៏​បែកគំនិត​យក​ស្រូវ​វារ​ទៅ​ធ្វើ​ជា​នំ​សរសៃ ដើម្បី​ទទួល​ទាន​ជាមួយ​សម្ល​និង​ល្បោយ​បន្លែ​ផ្សេងៗ​ជំនួស​វិញ ហើយ​ក៏​ដាក់ឈ្មោះថា “​នំ​សរសៃ​ស្រូវ​វារ​”​។ រាល់​ពេល​ពួកគាត់​ធ្វើ “​នំ​សរសៃ​ស្រូវ​វារ​” ម្តងៗ ពួកគាត់​តែងតែ​ចែក​ញាតិសន្តាន​ក្នុងភូមិ​ពិសា​រ។ ព្រោះតែ​រសជាតិ​ដ៏​ឆ្ងាញ់​របស់ “​នំ​សរសៃ​ស្រូវ​វារ​” អ្នកស្រុក​បាន​នាំគ្នា​មក​សុំ​ក្បួន​ធ្វើ​ពី​ពួកគាត់​ទាំងពីរ ហើយ​ក៏​នាំគ្នា​ធ្វើ​ឆី​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​តរៀងមក​។ លុះ​ជរា​បន្តិច ពួកគាត់​ពីរ​នាក់​ប្តី​ប្រពន្ធក៏​ដូរ​មុខរប​រ​មក​រែក “​នំ​សរសៃ​ស្រូវ​វារ​” លក់​វិញ​។ គាប់​ជួន​ថ្ងៃមួយ មាន​រាជកុមារ នាំ​ពល​សេនា​ចុះ​មើល​តាម​ស្រុកភូមិ ក៏​ឃើញ​អ្នកស្រុក​ចោមរោម​ឆី “​នំ​សរសៃ​ស្រូវ​វារ​” ហើយ​ក៏​ចង់​សាកមើល​នឹង​គេ​ដែរ​។ តែ​ដោយ​ជំនាន់​នោះ​មិនទាន់​មាន​ការអភិវឌ្ឍ​នៅឡើយ ការ​ទទួលទាន “​នំ​សរសៃ​ស្រូវ​វារ​” គឺ​ត្រូវ​ប្រើ​ម្រាមដៃ ដែល​ធ្វើឱ្យ​រាជកុមារ​មិន​ហ៊ាន​សាកល្បង ព្រោះ​ខ្លាច​ប្រឡាក់​ដៃ​។ ពួកគាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធក៏​ទូល​សុំ​ឱ្យ​ស្នំ ដែលជា​មេដោះ​របស់​រាជកុមារ យកដៃ​ចាប់ “​នំ​សរសៃ​ស្រូវ​វារ​” បញ្ចុក​រាជកុមារ​។ ព្រោះតែ​ជាប់​ចិត្តនឹង “​នំ​សរសៃ​ស្រូវ​វារ​” ដ៏​ឆ្ងាញ់​មួយ​ចាន​នោះ រាជកុមារ​តែងតែ​ទទូច​ឱ្យ​ព្រះ​រាជមាតា តាម​រក​ទិញ​នំ​ដែល​ស្នំ​បញ្ចុក​នោះ យក​មក​សោយ​ក្នុង​រាជ​វាំង​។ ដោយសារ​ខ្ជិល​ប្រើ​ស្នំ​ឱ្យ​ទៅ​ទិញ​នំ​ពី​អ្នកស្រែ​ជា​រៀងរាល់​ព្រឹក ព្រះរាជ​មាតា​ក៏​បញ្ជា​ឱ្យ​សេនា ទៅ​អញ្ជើញ​អ្នកស្រែ​ពីរ​នាក់​ប្តី​ប្រពន្ធ មក​ធ្វើ​នំ​សម្រាប់​រាជកុមារ សោយ​ប្រចាំ​រាជវាំង​រៀង​រហូត​មក​។ គេ​ក៏​នាំ​គ្នា​ហៅថា “​នំ​ដែល​ស្នំ​បញ្ចុក​” រហូត​ក្រោយៗ​មក ក៏​ត្រូវ​ហៅ​កាត់​ខ្លី​ថា “​នំ​បញ្ចុក​” ដល់​សព្វថ្ងៃនេះ​។​

​សម្ដេច​ពិជ័យ​សេនា​បាន​ថ្លែងបន្ត​ថា តាមរយៈ​ដំណាល​នេះ “​នំ​បញ្ចុក​” គឺជា​អាហារ​ដ៏​ពេញនិយម​មួយ របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ តាំងពី​យូរលង់​ណាស់​មកហើយ​។ វា​គឺជា​អាហារ​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ សាមគ្គីភាព និង​ឯកភាព​ជាតិ​តែមួយ​។ សូម​បងប្អូន​កងទ័ព​ទាំងអស់ ក៏​ដូច​ជា​បងប្អូន​ប្រជា​ពលរដ្ឋ​គ្រប់រូប ចូលរួម​ទទួល​ទាន “​នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិ​ខ្មែរ​” នៅ​ថ្ងៃស្អែក ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​ឯកភាព​ជាតិ​ខ្មែរ​តែ​មួយ​របស់​យើង​៕​ ដោយ​៖​កូឡាប​

 

×