ភ្នំពេញ ៖ នារីរូបស្រស់សោភាម្នាក់ ទិញអាវុធខ្លីពីថៃតម្លៃ១៥០០ដុល្លារ ដោយពុំមានច្បាប់អនុញ្ញាត បានខឹងនឹងព្រះសង្ឃមួយអង្គដែលគង់ក្នុងវត្តសារ៉ាវ័ន្ត ហើយបានស្រោយទឹកឲ្យនាងលើករាសី ក្នុងការរកស៊ី តែបែរជានារីរូបនេះ មានអារម្មណ៍រវើរវាយដូចត្រូវអំពើគេនិងរកស៊ីមិនបានផងនោះ ក៏បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាសដា មកឈប់ក្នុងបរិវេណវត្ត ហើយដកអាវុធខ្លីបាញ់ មេឃ ២គ្រាប់ នៅមុខកុដិព្រះសង្ឃដែលបានស្រោចទឹកឲ្យនោះ ផ្អើលអស់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ។
ហេតុការណ៍នារីរូបស្រស់ដកកាំភ្លើងខ្លីបាញ់មេឃនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី នៅចំណុចក្នុងកុដិលេខ២៣ វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ សហការជាមួយកំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងឃាតកម្ម (ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូប្ញស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន អាវុធខ្លី១ដើមម៉ាក ZORAKI.M906 លេខ០០០១២៦.បង់មួយ.គ្រាប់ចំនួន០២គ្រាប់.ទូរស័ព្ទដៃមួយគ្រឿងម៉ាក VIVO ពណ៌ឈាមជ្រួក, លុយចំនួន១០០ដុល្លារ លុយខ្មែរចំនួន២ម៉ឺនរៀល និងកាបូបស្ពាយពណ៌ស្លែមួយ។
ព្រះសង្ឃដែលជាជនរងគ្រោះឈ្មោះ សឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកុដ្ឋលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះខណ្ឌដូនពេញ។
សកម្មភាពរឿងហេតុ ៖ មុខពេលកើតហេតុថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី ជនរងគ្រោះឈ្មោះ សឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំជាព្រះសង្ឃកំពុងគង់នៅវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ បានដើរចូលទៅក្នុងកុដ្ឋិលេខ២៣ ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៊ីមិនបាន ដេកមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកកាលពីក្នុងអំឡុងខែឧសភា ឆ្នាំ២០១៧ ដោយខឹងពេក បានដកអាវុធខ្លីខាងលើ បាញ់ចំនួន០២គ្រាប់ តែពុំត្រូវរងរបួសទេ ក៏មានការផ្អើលឆោរឡោ ពេលនោះត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះ និងកំលាំងផ្នែកយុត្តិធម៌ឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងអាវុធខ្លីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
ចំពោះអាវុធខ្លីម៉ាក ZORAKI.M906 លេខ000126 ជនសង្ស័យបានទិញតំលៃ១៥០០ដុល្លារនៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៩។
ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ (តាមរយៈធ្វើតេស្តទឹកនោម)។
វិធានការបន្ត កម្លាំងប៉ុស្តិ៍និងខណ្ឌកំពុងសួរចម្លើយនិងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖កូឡាប