នារីវ័យ ២៥ឆ្នាំ ដែលជាទន្ទពេទ្យម្នាក់ ពុំអាចវាសនាស្លៀករ៉ូបរៀបការ ដោយហេតុតែនាងត្រូវបានគូដណ្តឹងបាញ់ស្លាប់តែប៉ុន្មានថ្ងៃមុនពេលចូលរោងការ។ ពេលនេះបុរសជាគូដណ្តឹងនឹងមិត្តស្រីថ្មីរបស់ខ្លួន កំពុងប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើន។
តាម Nation ដែលដកស្រង់សម្តីនាយស្នងការប៉ូលិសខេត្ត Chumphon លោក Sonthichai Awattanakulthep, ឲ្យដឹងថា ក្រៅពីបទចោទប្រកាន់ ៣មុននោះ បុរសដៃដល់ជាគូដណ្តឹង ឈ្មោះ Ronnachai Panchart នៅមានបន្ថែមទោសលួចថែមទៀត។
ប្រភពដដែលឲ្យដឹងថា Nontiya Kruajaturat ដែលជាជំនួយការទន្ទពេទ្យម្នាក់ ដែលបានគូដណ្តឹងបាញ់សម្លាប់ ទោះបីតាមគម្រោងអ្នកទាំង២ត្រូវរៀបការនៅថ្ងៃ ២៤/១២។
ក្រោយពេលសម្លាប់គូដណ្តឹង Ronnachai ជនល្មើសបានយកទូរស័ព្ទទៅឲ្យមិត្តស្រីថ្មីឈ្មោះ Naruemon Chuaysombat។ Naruemon ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ទោសមានចេតនាសម្លាប់មនុស្ស។ នារីរូបនេះបានសារភាពប្រាប់ប៉ូលិសថា ខ្លួនជាអ្នកទិញកាំភ្លើងតម្លៃ ៧ពាន់បាត ទុកឲ្យ Ronnachai ប្រើប្រាស់បាញ់សម្លាប់គូដណ្តឹង។
ហេតុការណ៍ត្រូវបានបែកធ្លាយបន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់ដែលរស់នៅជាប់បន្ទប់របស់ Nontiya នៅមន្ទីរពេទ្យសហគមន៍ Salui នៅ Thasae ដែលជាអ្នកបានរកឃើញសាកសពជនរងគ្រោះនៅព្រឹកថ្ងៃទី ១៩/១២ បន្ទាប់ពីពុំឃើញ Nontiya ទៅធ្វើការ។ បង្អួចបន្ទប់របស់ Nontiya ត្រូវបានវាយបំបែក ហើយត្រូវបានស្លាប់ដោយគ្រាប់កាំភ្លើងខ្លីមួយគ្រាប់បាញ់ចំដើមទ្រូង។
តាមរយៈកាមេរ៉ាសុវត្ថិ Ronnachai ដែលត្រូវជាគូដណ្តឹងជនរងគ្រោះត្រូវបានប៉ូលិសចាប់ខ្លួន និងសារភាពទោស នៅពេលដែលប៉ូលិសបានរកឃើញមួកគ្របលើក្បាល និងសម្លៀកបំពាក់ស្របគ្នានឹងរូបភាពកាមេរ៉ាសុវត្ថិភាព។ ក្រុមគ្រួសាររបស់នារីអភ័ព្វរូបនេះ មានគម្រោងរៀបចំពិធីបូជាសព នៅថ្ងៃទី ២៤/១២ ដែលជាថ្ងៃគ្រោងទុកសម្រាប់រៀបអាពាហ៍ពិពាហ៍ឧក្រិដ្ឋជនរូបនោះជាមួយ Nontiya ប៉ុន្តែពួកគេបានផ្លាស់ប្តូរគំនិត ។ គ្រុមគ្រួសាររបស់ជនរងគ្រោះឲ្យដឹងថា ពួកគេនឹងរង់ចាំរហូតដល់ថ្ងៃតុលាការកាត់ទោស ហើយសំណូមពរថា ជនល្មើសទាំងព្រឈមនឹងទោសប្រហារជីវិត៕ សូយន