អ្នកដំណើរវ័យ ៣០ឆ្នាំម្នាក់ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ហាមប្រាមមិនឲ្យជិះយន្តហោះរបស់ក្រុមហ៊ុនអស់មួយជីវិត ក្រោយពេលបុរសរូបនោះបានធ្វើការជក់បារីអេឡិចត្រូនិច (E-cigarette) នៅក្នុងបន្ទប់ទឹករបស់យន្តហោះ។
អ្នកបំរើការលើយន្តហោះ Flight NK 985 ដែលកំពុងធ្វើដំណើរពីទីក្រុង Detroit ទៅកាន់ទីក្រុង New Orleans ក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិច បានប្រាប់អ្នកតំណងរបស់ខ្លួនថា នាងបានឃើញអ្នកដំណើរនោះបឺតបារីអេឡិចត្រូនិច និងផ្លុំផ្សែងដាក់ក្នុងហិប។ នាងបានព្រមានអ្នកដំណើរនោះ។
មុនពេលជក់បារី អ្នកដំណើរដែលមកពីរដ្ឋ Florida នោះបានក្រោកពីកៅអីរបស់ខ្លួន ហើយដើរទៅបន្ទប់ទឹក។ នៅពេលគាត់កំពុងស្ថិតក្នុងបន្ទប់ទឹក នាឡិកាប្រាប់ពីផ្សែងបានបន្លឺឡើង ។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនបានអោយដឹងថា នៅពេលយន្តហោះធ្វើដំណើរដល់ទីក្រុង New Orleans អ្នកដំណើរដែលមិនត្រូវគេបញ្ចេញអត្តសញ្ញាណនោះ បានបដិសេធថា គាត់បានជក់បារីក្នុងបន្ទប់ទឹក។ គាត់បានប្រាប់អ្នកតំណាងក្រុមហ៊ុនថា គេមិនបានដឹងសោះថា ការជក់បារីត្រូវបានគេហាមប្រាមនៅលើយន្តហោះ ។
ទោះយ៉ាងណា អ្នកដំណើរនោះ មិនត្រូវបានគេចាប់ខ្លួនទេ ប៉ុន្តែគាត់នឹងអាចត្រូវគេហាមមិនឲ្យជិះយន្តហោះ របស់ក្រុមហ៊ុន Spirit Airlines អស់មួយជីវិត៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN