ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានសហការចុះរៀបចំខ្សែបណ្តាញផ្សេងៗ ដែលត្រូវគេចងភ្ជាប់នៅតាមបង្គោលភ្លើងអគ្គីសនី ក្នុងក្រុងព្រះសីហនុ ដើម្បីរក្សាឲ្យមានសោភ័ណភាព និងមានរបៀបរៀបរយ។
សកម្មភាពខាងលើនេះ ចាប់ផ្តើមតាមផ្លូវឯករាជ្យចេញពីចំណុចស្តុប ទល់មុខនគរបាលចរាចរណ័ខេត្ត កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ។
អភិបាលរងខេត្តព្រះសីហនុ លោកម៉ាង សុីណេត ដែលដឹកនាំមន្ត្រីជំនាញ រៀបចំសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា វិធានការខាងលើនេះ គឺដើម្បីកាត់យកខ្សែកាបផ្សេងៗ ដែលដាក់តាមបង្គោលភ្លើងអគ្គីសនីនាពេលកន្លងមក ហើយតម្រូវឲ្យក្រុមហ៊ុនខ្សែកាបផ្សេងៗ ត្រូវដាក់ជំនួសវិញ ដោយការអូសបង្កប់ខ្សែក្រោមដីជំនួសវិញ។
លោក ម៉ាង ស៊ីណេត បញ្ជាក់ថា ដោយសារតែកន្លងមក បញ្ហាខ្សែបណ្តាញដែលចងភ្ជាប់នៅលើបង្គោលភ្លើងនាក្រុងព្រះសីហនុ មានភាពអនាធិបតេយ្យផង និងមានពេលខ្លះ បានបង្កើតឲ្យមានជាអគ្គីភ័យឆាបឆេះបង្គោលភ្លើងជាបន្តបន្ទាប់។ ជាងនេះទៀត ពក៏ធ្លាប់បានឆេះរាលប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ និងឯកជនអស់មួយចំនួនទៀតផង៕ ដែន សីមា