ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឲ្យដឹងថា មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ឈ្មោះ អោម សេងហួរ អាយុប្រមាណជាង៣០ឆ្នាំ បានធ្វើអត្តឃាតដោយលោតពីលើអគារ ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ។
មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញ ដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថាន បានធ្វើកោសល្យវិច័យលើសាកសព និងបញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយលោត ពីលើអគារទីស្តីការក្រសួងបរិស្ថានមែន ដោយបញ្ហាបុគ្គល ព្រោះបើតាមប្រភពស្និទ្ធ លោក អោម សេងហួរ មានជំងឺប្រចាំកាយ។
លោក នេត្រ ភក្ត្រា បានថ្លែងថាលោក អោម សេងហួរ ជាមន្ត្រីមានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។ លោក នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បរិស្ថានទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោក អោម សេងហួរ បានទៅកាន់សុគតិភព៕ ដោយ៖កូឡាប