ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀននៅក្លឹបលុច្សសារី បានបញ្ចប់ការសួរនាំ និងធ្វើតេស្តលើមនុស្សជាង ៤០៨នាក់ ដែលចំណាយអស់រយៈពេល ២ថ្ងៃ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ អ្នកមានសារធាតុញៀនក្នុងខ្លួនចំនួន ៩៣នាក់ នឹងត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលកែប្រែឱកាសខ្ញុំ។
តាមការបញ្ចជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា អ្នកមានសារធាតុញៀនទាំងអស់មាន ៩៣នាក់ ក្នុងនោះមានស្រី២៤នាក់ ជាជនបរទេស ៣១នាក់ (វៀតណាម ១៤នាក់ ចិន១៤នាក់ សឹង្ហបុរីម្នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ ) ។ ក្នុងចំណោមមនុស្សទាំង ៤០៨នាក់ មាន១៧នាក់ក្នុងនោះមានទាំងជនជាតិវៀតណាមចំនួន ៥នាក់ សម្រេចចាប់បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធការសម្រួលឲ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបកម្សាន្ត។
ចំពោះអ្នកដែលបានរកឃើញសារធាតុញៀនក្នុងខ្លួន សម្រាប់ជនជាតិខ្មែរចំនួន៦២នាក់ នឹងត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលកែប្រែឱកាសខ្ញុំ រីឯជនបរទេស ៣១នាក់ទៀត នឹងស្នើសុំគោលការណ៍ពីអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចាប់បញ្ជូនទៅកាន់ប្រទេសកំណើតវិញ ។
ការបង្ក្រាបនេះ សមត្ថកិច្ចរឹបអូសបានគ្រឿងញៀន ១៦២,៧ក្រាម និងឧបករណ៍ទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ៕ ដោយ ៖ កូឡាប