Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ត្រាំ គំរាមដំឡើងពន្ធបន្ថែមទៀត ប្រសិនបើលោក ស៊ី ជិនពីងមិនបានជួបគាត់នៅកិច្ចប្រជុំ G20

ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ គំរាមយកពន្ធបន្ថែមទៀតលើទំនិញនាំចូលពីចិនដែលមានទំហំទឹកប្រាក់ ៣០០ពាន់លានដុល្លារ​ ប្រសិនជាមេដឹកនាំចិន ស៊ី ជិនពីងមិនបានជួបរូបលោក នៅក្នុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសជប៉ុននៅចុងខែនេះ។

មេដឹកនាំពិភពលោក នឹងធ្វើការជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ចាប់ពីថ្ងៃទី ២៨ ដល់ ២៩ ខែមិថុនានេះ។

“ខ្ញុំគិតថា គាត់ (ស៊ី ជិនពីង) នឹងមក ហើយខ្ញុំគិតថាពួកយើងគ្រោងមានជំនួបនឹងគ្នា” នេះជាការបញ្ជាក់របស់លោកត្រាំ ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយនឹងសារពត៌មាន CNBC នៅថ្ងៃច័ន្ទម្សិលមិញនេះ។

លោកថ្លែងទៀតថា “ខ្ញុំនឹងភ្ញាក់ផ្អើលបើគាត់មិនទៅ។ ខ្ញុំគិតថា គាត់នឹងទៅ ព្រោះខ្ញុំមិនបានលឺដំណឹងថា គាត់មិនទៅឡើយ។ ពួកយើងគ្រោងជួបគ្នា ហើយប្រសិនជាពួកយើងមិនបានជួប វាមិនអីទេ”។

នៅពេលសួរថា តើប្រសិនជាលោក ស៊ី ជិនពីងមិនបានជួបលោកក្នុងកិច្ចប្រជុំខាងមុខ តើនឹងមានការកំណត់យកពន្ធលើមុខទំនិញនាំចូលពីចិនតម្លៃជាទឹកប្រាក់ ៣០០ពាន់លានដែរឬទេ លោកត្រាំ បានឆ្លើយថា បាទគឺនឹងមានការយកពន្ធ។

សូមរម្លឹកថា កិច្ចចរចារពាណិជ្ជកម្មរវាងអាមេរិច និងចិន បានជាប់គាំងចាប់តាំងពីខែឧសភា ដោយភាគីទាំងពីរបន្ទោសគ្នាទៅវិញទៅមក។

ភ្លាមៗក្រោយពេលកិច្ចចរចារបរាជ័យ រដ្ឋាបាលរបស់លោក ត្រាំបានប្រកាសដំឡើងពន្ធរហូតដល់ ២៥ភាគរយ លើទំនិញនាំចូលពីចិនដែលមានទំហំទឹកប្រាក់ ២០០ពាន់លានដុល្លា។ ចិនបានចាត់វិធានការឆ្លើយតបវិញ ដោយប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិចវិញដែលមានតម្លៃជាទឹកប្រាក់ ៦០ពាន់លានដុល្លារ។

កាលពីថ្ងៃទី ៣០ ខែឧសភា រដ្ឋាភិបាលចិនបានចោទប្រកាន់អាមេរិចថាជាភេរវកម្មសេដ្ឋកិច្ច៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ CNN

×