ក្រុមជម្រើសជាតិកម្ពុជា ទទួលបានកៅអីទៅកាន់វគ្គជម្រុះជុំទីពីរនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៩ ក្រោយបន្តយកឈ្នះប៉ាគីស្ថាន ២-១ នាជំនួបជើងទីពីរ នៃវគ្គជម្រុះបឋម ដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Hamad bin Khalifa Stadium ក្រុងដូហា ប្រទេសកាតា ដែលប៉ាគីស្ថានយកធ្វើជាទឹកដី។ កម្ពុជាត្រូវឡើងបន្តជាមួយហ្គាម ម៉ុងហ្គោលី បង់ក្លាដែស ម៉ាឡេស៊ី និងស្រីលង្កា ជាមួយលទ្ធផលសរុបទាំងពីរជើងឈ្នះប៉ាគីស្ថាន ៤-១។
ឆ្លងកាត់ការប្រកួតកាត់សេចក្ដីដ៏តានតឹង ប៉ាគីស្ថាន បាននាំមុខក្រុមកម្ពុជា ១គ្រាប់ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្រោយទាត់បាល់ប៉ះដៃខ្សែការពារកម្ពុជា ក្នុងប្រអប់គ្រោះថ្នាក់ ហើយមានការព្យាយាមជួយពីអ្នកចាំទី កែវ សុខសិលា តែមិនបានសម្រេច ។ លទ្ធផលនេះ បានរក្សាបណ្ដោះអាសន្ន រហូតដល់ចប់តង់ទី១ ។
លុះចូលតង់ទី២ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda បានធ្វើឲ្យក្រុមកម្ពុជា ផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មី និងធ្វើបានយ៉ាងល្អ រហូតវាយបកបាន ២គ្រាប់វិញ ដែលធ្វើសម្រេចដោយកីឡាករ កែវ សុខផេង នៅនាទី៦៣ និងកីឡាករ រឿង ប៊ុនហៀង នៅនាទី៨៩ ទម្លាក់ក្រុមប៉ាគីស្ថាន ក្នុងលទ្ធផល ២-១។
សរុបលទ្ធផល ២ជើង ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមប៉ាគីស្ថាន ៤-១ ។ កាលពីជើងទី១ កម្ពុជា បានយកឈ្នះប៉ាគីស្ថាន ២-០ ។ ដូច្នេះក្រុមកម្ពុជា ត្រូវឡើងទៅជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកតា ជាថ្មី បន្ទាប់ពីធ្លាប់ទម្លាក់ក្រុមម៉ាកាវ ៤-១ ឡើងជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2018 កាលពីឆ្នាំ២០១៥ កន្លងទៅ ៕ ដោយ៖កូឡាប