ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាដល់កម្លាំងសមត្ថកិច្ចកម្ពុជាទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ និងបង្ក្រាបគ្រឿងញៀននៅតាមក្លឹបកំសាន្តខារ៉ាអូខេឲ្យអស់នៅក្នុងឆ្នាំ 2019 ខណៈដែលកម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសពណ៌ប្រផេះ ដែលជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ។
ក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០១៩ នៅសាលារាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា” នៅឆ្នាំ ២០១៩ នេះកម្លាំងសមត្ថកិច្ចធ្វើការទប់ស្កាត់ និងការចរាចរបញ្ហាគ្រឿងញៀន ប្រើប្រាស់ នៅតាមក្លឹបកម្សាន្ត។ ចំណុចនេះ មិនមែននរណាម្នាក់អាចធ្វើបានទេទាល់តែយើងរួមគ្នា គាំទ្រនិងចូលរួមទើបអាចធ្វើបានដើម្បីសុខភាពនិងសុខមាលភាពសង្គមរបស់ប្រជាពលរដ្ឋយើង បើមិនអីចឹងប្រជាពលរដ្ឋនិងរងគ្រោះដោយសារខារ៉ាអូខេមានគ្រឿងញៀន។ នេះជាការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរដល់ធំណាស់។ ដូច្នេះមិនត្រូវបណ្ដែតបណ្ដោយទេគឺត្រូវធ្វើតទៅទៀត ប្រកបដោយការទទួលខុស”។
សម្ដេចបន្ថែមទៀតថា “មនោសញ្ជេតនាអ្នកណាក៏មានដែរប៉ុន្តែបើកាលណាយើងយកមនោសញ្ជេតនាមកជំនួសច្បាប់ហើយចាត់ទុកធំជាងសង្គមអត់បានទេ។ ចំណែកឯរឿងលាងលុយកខ្វក់ដូច្នេះដែរវាចាត់ទុកថាកម្ពុជាយើងឥឡូវស្ថិតក្នុងចំណាត់ថ្នាក់ប្រផេះអ៊ីចឹងគេកំពុងឃ្លាំមើលហើយមួយជំហានទៀតនិងឈានទៅខ្មៅនោះបើសិនជាយើងមិនបានយកចិត្តទុកដាក់បង្ក្រាប។ ខ្ញុំយល់ថាអ្នកឃុបឃិតរកស៊ី រឿងនេះបានផលប្រយោជន៍ប៉ុន្តែបានតែមនុស្សមួយក្រុមនោះទេយកមកទិញដីទិញឈ្លីធ្វើមានធ្វើបានអីចឹងទៅឬក៏ទីផ្សារដីកំពុងឡើងថ្លៃបន្តិចប៉ុន្តែបើងាប់គឺងាប់ប្រទេសជាតិ ងាប់ប្រជាជាតិគឺនៅត្រង់ណា ប្រសិនបើថ្ងៃណាមួយគេរកឃើញថាកម្ពុជា ប្រទេសលាងលុយ គឺចប់ ។ ការចរាចរណ៍ពីធនាគារណាទាំងអស់ខ្ញុំមិនហ៊ានថា ១០០% ប៉ុន្តែវាប្រឈមនឹងការពិបាក ដ៏ធំហើយព្រោះនេះជាហានិភ័យដ៏ធំ។ អីចឹងទេយើងត្រូវសួរថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីដោះស្រាយ ។ ខ្ញុំទទួលបានព័ត៌មានថាចាប់លុយអ្នកនាំយកចំនួន ៣,៥ លានដុល្លារ ហើយសមត្ថកិច្ចដែលចាប់លុយបានប្រគល់ឲ្យទៅសមត្ថកិច្ចមួយទៀត ហើយអត់បានឆែកមើលថាលុយនោះបានមកពីទីណាឲ្យច្បាស់លាស់នោះទេក៏យកលុយនោះទៅបាត់ទៅ ។ ឥឡូវនេះបើមានករណីបែបនេះទៀតត្រូវរាយការណ៍ប្រាប់ខ្ញុំភ្លាម ហើយត្រូវសិក្សាស្រាវជ្រាវតើលុយនោះចេញមកពីប្រភពណា ។សាមីខ្លួនបាននិយាយថាលុយនោះបានមកពីការឺះ្នល្បែង ហើយមិនមានលិខិតឬក្រដាសស្នាមអ្វីឡើយ ។ បើសិនជាលុយនោះជាលុយត្រឹមត្រូវមិនចាំបាច់នាំគ្នាចែកផ្លូវគ្នារត់ការនោះទេ បើលុយត្រឹមត្រូវចាំបាច់ឲ្យអ្នកឯង ១០ ឬ ២០ ភាគរយឬក៏៤០ភាគរយហើយកន្លែងខ្លះ ៥០% ។អីក៏ចិត្តល្អម្ល៉េះ បើលុយបានមកវិញគេសុខចិត្តឲ្យ ៥០% គេទុកតែ ៥០% ហើយបើលុយខ្ញុំល្អគេចាំបាច់ធ្វើអញ្ចឹងធ្វើអី។ បានន័យថាលុយនោះវាមិនល្អបាត់ទៅហើយ។ រឿងនេះមិនមែនជាការងាយស្រួលទេសម្រាប់អ្នកដែលបានផលប្រយោជន៍ ប៉ុន្តែខ្ញុំគិតថាយើងធ្វើដើម្បីការពារមុខមាត់កិត្តិយស របស់ជាតិយើង ។ អ្នកទាំងអស់គ្នាក៏ចង់បានលុយដែរប៉ុន្តែលុយឱ្យចឹងយកធ្វើអ្វី។ខ្ញុំសង្ឃឹមថាយើងបន្តធ្វើរឿងនេះលើបញ្ហាគ្រឿងញៀននិងបញ្ហាលាងលុយកខ្វក់នេះ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធ នគរបាល និងគយរួមជាមួយសមត្ថកិច្ចប្រចាំនៅតាមបណ្ដាច្រក ។ អ្នករកស៊ីរបៀបនេះមានល្បិចខ្ពស់ជាងសមត្ថកិច្ច ។
កន្លងទៅថ្មីៗនេះ កម្ពុជាធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់ នូវការនាំលុយចូលដោយច្រើនលើសលុប នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តផងដែរ” ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា រឿងលាងលុយ ឥលូវនេះកម្ពុជាត្រូវចាត់ទុកថា ជាប្រទេសប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀតវាទៅខ្មៅ នោះបើសិនណាជារឿងមិនយកចិត្តទុកដាក់។ ខ្ញុំយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ បានតែមនុស្សមួយក្រុមនោះទេ ប៉ុន្ដែបើងាប់ងាប់ប្រទេស និងប្រជាជាតិ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក។
សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យអាជ្ញាធរត្រូវចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅទូទាំងរាជធានីភ្នំពេញ។ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងសប្បាយភាព ផ្ទះសំណាក់សណ្ឋាគារក្លឹបកំសាន្តក្នុងការចូលរួមបង្ការទប់ស្កាត់ការប្រើប្រាស់និងជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់៕ ដោយ ៖ កូឡាប