ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា សមិទ្ធផលនិងស្នាដៃការងារ ដែលគណៈអភិបាល និងក្រុមប្រឹក្សាសម្រេចបាន ព្រមទាំងសមិទ្ធផលនៃការបោះឆ្នោត គឺជាមូលដ្ឋានឆ្លុះបញ្ចាំងឲ្យឃើញ កាន់តែច្បាស់ការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈការអនុវត្តកំណែទម្រង់ស៊ីជម្រៅ ។
ក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០១៩ នៅសាលារាជធានីភ្នំពេញ
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថារដ្ឋបាលរាជធានីភ្នំពេញបានដំណើរការការងារប្រចាំថ្ងៃជាប្រក្រតីដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌក្របខ័ណ្ឌគតិយុត្តបទបញ្ជានិងលិខិតបទដ្ឋានជាធរមាន។ ការគ្រប់គ្រងរដ្ឋបាលដែនដីត្រូវកំណត់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សានិងមានគណៈអភិបាលមួយសម្រាប់ដឹកនាំហើយទាំងក្រុមប្រឹក្សានិងគណៈអភិបាលត្រូវមានគណនេយ្យភាពធ្វើទៅគឺចំពោះមុខប្រជាពលរដ្ឋនិងចំពោះមុខរាជរដ្ឋាភិបាលជុំវិញការអនុវត្តន៍លិខិតបទដ្ឋានគតិយុត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បន្ថែមទៀតថាគណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញបានខិតខំពុះពាររួមគ្នាជំនះរាល់ការលំបាកបញ្ហាប្រឈមនឹងភាពមិនច្បាស់លាស់មួយចំនួនដែលបានជួបប្រទះទាំងក្នុងផ្នែកគ្រប់គ្រងរដ្ឋបាលតាមរបៀបរបបម៉ីតាមការតម្រូវដោយច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងទាំងក្នុងផ្នែកគ្រប់គ្រងចាត់ចែងធនធានរបស់រាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពចំទិសដៅនិងមានប្រសិទ្ធផលសំដៅលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានសេវាសាធារណៈនិងគុណភាពជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោកឃួងស្រេងបានលើកឡើងថា សមិទ្ធផលនិងស្នាដៃការងារដែលគណៈអភិបាលនិងក្រុមប្រឹក្សាសម្រេចបានព្រមទាំងសមិទ្ធផលនៃការបោះឆ្នោតគឺជាមូលដ្ឋានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈការអនុវត្តកំណែទម្រង់ស៊ីជម្រៅដែលជារបៀបវារៈដ៏សំខាន់នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសំដៅកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនឈានឡើង។
លោកបានបន្ថែមទៀតថាទោះបីយើងសម្រេចបាននូវផលជាច្រើនក្តី ក៏នៅមានកិច្ចការជាអាទិភាពនិងបញ្ហាប្រឈមថ្មីៗមួយចំនួនទៀតដែលគណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣ ត្រូវខិតខំបន្តរួមគ្នាពុះពារជំនះដោះស្រាយនាពេលខាងមុខនេះជាពិសេសការបន្តអនុវត្តការងារកំណែទម្រង់រដ្ឋបាលសាធារណៈនិងការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចផ្ដល់សេវាសាធារណៈនិងកិច្ចអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពតម្លាភាពសមធម៌គណនេយ្យភាពនិងត្រូវធានាថារាល់ការធ្វើសេចក្តីសម្រេចចិត្តនានារបស់រដ្ឋបាលខ្លួនពិតជាអាចឆ្លើយតបបានទាន់ពេលវេលានិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះដែរលោកប៉ាសុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្ដេជ្ញាពង្រឹងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាដោយឈរលើគោលការណ៍រដ្ឋបាលឯកភាពដើម្បីឲ្យរដ្ឋបាលមានភាពម្ចាស់ការគ្រប់គ្រងការចាត់ចែងមុខងារបុគ្គលិកទ្រព្យសម្បត្តិនិងធនធានហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាពចំទិសដៅនឹងឆ្លើយតបទាន់ពេលវេលានូវតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសជំរុញការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ៕ ដោយ៖កូឡាប