ប៉ូលិសក្នុងប្រទេសភីលីពីន បានបាញ់សម្លាប់មនុស្សចំនួន ២នាក់ ដែលកំពុងត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ដោយច្រឡំស្មានថា ពួកគេជាខ្មាន់កាំភ្លើងដែលកំពុងរត់គេចខ្លួន។ នេះបើតាមការចេញផ្សាយរបស់ BBC នៅយប់ថ្ងៃសុក្រម្សិលមិញនេះ។
ក្រោយពេលមានហេតុការណ៏បាញ់ប្រហារគ្នា ក្នុងទីក្រុងម៉ានីល ប៉ូលិសជាច្រើននាក់ត្រូវបានគេតេហៅឲ្យទៅកន្លែងកើតហេតុ ប៉ុន្តែពួកគេបានធ្វើការបាញ់រះលើឡានមួយគ្រឿងដែលកំពុងដឹកស្ត្រីមានរបួសម្នាក់ទៅកាន់មន្ទីរពេទ្យ។ ស្ត្រីនោះរងរបួសដោយសារហេតុការណ៏បាញ់គ្នាមុនពេលប៉ូលីសមកដល់។
នៅពេលប៉ូលិសបាញ់ប្រហារលើឡាននោះ នាង និងអ្នកដំណើរម្នាក់ទៀតបានស្លាប់ ខណៈដែល ២នាកផ្សេងទៀតរងរបួស។
ប៉ូលិសត្រូវបានគេតេហៅឲ្យទៅកាន់កន្លែងកើតហេតុស្ថិតនៅជាយក្រុងទីក្រុងម៉ានីល ក្រោយពេលមានការបាញ់ប្រហារគ្នាក្នុងកំឡុងពេលមានការឈ្មោះគ្នានៅទីនោះ។
ស្នងការប៉ូលិសជាន់ខ្ពស់ឈ្មោះ Moises Villaceran បានថ្លែងប្រាប់ភ្នាក់ងារសារព៌តមាន AFP ថា “ប៉ូលិសពួកយើងគិតថា ពួកគេទាំងនោះស្ថិតក្នុងចំណោមនុស្សដែលបានបាញ់គ្នាមុននោះ”។
សូមរំលឹកផងដែរថា ប៉ូលិសភីលីពីនបានទទួលរងការចោទប្រកាន់យ៉ាងច្រើនថា បានសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ នៅក្នុងយុទ្ធនាការបង្ក្រាប់គ្រឿងញៀនរបស់ប្រធានាធិបតីភីលីពីន Rodrigo Duterte៕ សុភ័ក្ត្រ