តារាសម្តែងចិនដីគោកនាង Liu Jie និងគូដណ្តឹងរបស់នាង ខណៈពេលកំពុងទៅមើលសួរសុខទុក្ខលោកយាយរបស់នាង នៅឯមន្ទីរពេទ្យក្នុងទីក្រុង Kunming (ចិន) នៅពេលនោះស្រាប់តែបុរសស្រវឹងម្នាក់ដៃដន្យ បានវាយប្រហារមកលើរូបនាង ។ អ្នកទាំងពីរត្រូវបានស្រែកដាក់ខ្លាំងៗដោយបុរសម្នាក់ និងបន្ទាប់មក បុរសនោះបានប្រព្រឹត្តទង្វើព្រួសក្អួតដ៏ខ្ពើមរអើមដាក់ពួកគេ ។ ដោយពុំអាចទទួលបាននូវកាយវិការអសីលធម៌របស់បុរសនេះ តារាសម្តែងស្រីវ័យ ២៨ ឆ្នាំ នេះ ក៏បានប្រឈមមុខទៅនឹងបុរសនេះ និងកើតជាជម្លោះខ្លាំងក្លាឡើង ។
គួររន្ធត់ ដែលជម្លោះនោះបានក្លាយជាសោកនាដកម្ម នៅពេលដែលបុរសនោះបានទាញកាំបិតចាក់ Liu ចំបេះដូង និងពោះរបស់នាង បណ្តាលឲ្យនាងស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ ភ្លាមៗនោះ គូដណ្តឹងរបស់នាង ក៏បានរត់ចេញ និងស្រែកហៅឲ្យគេជួយអន្តរាគមន៍ ។
វេជ្ជបណ្ឌិតដែលស្ថិតនៅកន្លែងកើតហេតុ បាននិយាយថា គូដណ្តឹងរបស់តារាសម្តែង Liu បានរត់ចេញ និងស្រែកខ្លាំងថា «ឃាតករៗ!» ខណៈបុរសស្រវឹងនោះប្រដេញតាមគាត់ ។ នាងក្រោយមកបានរកឃើញ Liu ដេកក្នុងថ្លុកឈាម និងប្រញាប់ប្រញាល់នាំយកទៅសង្គ្រោះបន្ទាន់ ប៉ុន្តែ ពុំជួយសង្គ្រោះជីវិតរបស់បានឡើង ។ បុរសស្រវឹងនោះ បន្ទាប់មក ក៏ត្រូវបានចាប់ខ្លួនផងដែរ ។
គូដណ្តឹងរបស់ Liu ក៏បានរងរបួសនៅក្នុងហេតុការណ៍នេះផងដែរ ដោយគាត់ត្រូវបានបុរសស្រវឹងនោះចាក់ត្រូវត្រង់ជើង ។ Liu និងគូដណ្តឹង បើតាមប្រភពឲ្យដឹង នោះពួកគេទើបវិលត្រលប់មកពីប្រទេសថៃ សម្រាប់ការថតរូបអាពាហ៍ពិពាហ៍របស់ពួកគេ និងគ្រោងចូលរោងការក្នុងពេលឆាប់ខាងមុខ មុនពេលសោកនាដកម្មនេះកើតឡើង ៕
<