ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ កក្កដា ២០១៩នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីដំណើរការ រៀបចំនិងកសាង ផែនការអភិវឌ្ឍន៍រាជធានី ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សា ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ ឲ្យមានសមត្ថភាព ក្នុងការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំ និងការកសាងផែនការវិនិយោគ៣ឆ្នាំរំកិល ទទួលជោគជ័យ ។
លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ នាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹង លើកកម្ពស់សមត្ថភាព ក្រុមប្រឹក្សា ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យមានសមត្ថភាព ក្នុងការរៀបចំផែនការ អភិវឌ្ឍន៍៥ឆ្នាំ និងការកសាងផែនការវិនិយោគ ៣ឆ្នាំរំកិល ទទួលជោគជ័យ។ តាមរាជធានី ខណ្ឌ ត្រូវមានសមត្ថភាព ការយល់ដឹង ដើម្បីចាត់ចែងធនធានរបស់ខ្លួន ឲ្យប្រសើរឡើង ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងអភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោកប្រធានក្រុមប្រឹក្សា បានបន្តថា ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ក៏ដូចជា ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានកើតចេញពីការបោះឆ្នោតអសកល នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩កន្លងមក ដែលមានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានសម្លាភាព។ ក្រុមប្រឹក្សារាជធានី នឹងបន្តខិតខំប្រឹងប្រែង បំពេញតួនាទីទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដោយមានការជួយសហការ ពីថ្នាក់ជាតិ ថ្នាក់ដឹកនាំរាជធានី ខណ្ឌ ទីចាត់ការទាំងអស់ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឲ្យការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិនិយោគ រៀបចំ ទៅបានល្អ ស្របតាមលក្ខណៈបច្ចេកទេស និងឆ្លុះបញ្ចាំង ពីតម្រូវការចាំបាច់ ជាក់ស្តែង របស់ប្រជាពលេដ្ឋ ទាមទារឲ្យយើង ត្រូវប្រឹងប្រែងរួមគ្នា តាមរយៈកិច្ចសហការ និងសិក្សាឲ្យបានម៉ត់ចត់ អំពីតម្រូវការរបស់ប្រជាពលរដ្ឋ ធ្វើសមាហរណកម្មផែនការនានា របស់អង្គភាព មន្ទីរជំនាញ បញ្ចូលរួមគ្នារៀបចំ សៀវភៅផែនការរួមតែមួយ គឺជាផែនការអភិវឌ្ឍន៍ ៥ឆ្នាំ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានណែនាំឱ្យក្រុមប្រឹក្សា មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តន៍ទៅតាមសៀវភៅណែនាំ ស្ដីពី ការកម្មវិធីប្រយោគ៣ឆ្នាំរំកិល ឲ្យបានពេញលេញ និងបំពេញទៅតាម គោលការណ៍សំខាន់ៗ ៩ ចំណុច ក្នុងនោះចំណុច ទី១ គឺការចែករំលែកព័ត៌មាន ទី២ តម្លាភាព ដោយមិនមានការលាក់លៀម គោលការណ៍ និងការសម្រេចនានា ទី៣ សុគន្ធភាពនិងសុខដុមនីយកម្ម ទី៤ ការចូលរួមពិគ្រោះយោបល់ ទី៥ ការឆ្លើយតបនឹងតម្រូវការ ទី៦ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ទី៧ ប្រសិទ្ធភាពនិងសុក្រឹត្យភាព សេដ្ឋកិច្ចសង្គម ទី៨ ការធានាចីរភាព ធនធានធម្មជាតិ និងបរិស្ថាន ទី៩ ការធានាសមធម៌ មានន័យថា ការកងសាងផែនការអភិវឌ្ឍន៍ ត្រូវធានាឲ្យមានការចូលរួម ផ្តល់ផលប្រយោជន៍ ឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសស្ត្រី កុមារ ជនពិការ ជនក្រីក្រ និងជនងាយរងគ្រោះ៕
ដោយ : កូឡាប