ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កើត សាំង កាលពីរសៀលថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៧ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យពីរនាក់បងប្អូនបង្កើត ពីបទហិង្សាដោយចេតនា ក្នុងករណីបើករថយន្តបុកនារីម្នាក់ ហើយនិងបើករថយន្តមកតាមទាត់ធាក់នារីរងគ្រោះបន្ថែមទៀត។
ជនជាប់ចោទទាំងពីរនាក់បងប្អូនបង្កើត ឈ្មោះស៊ុំ សុវណ្ណរិទ្ធ អាយុ៣០ឆ្នាំ និងឈ្មោះស៊ុំ សត្យាពណ្ណរាយ អាយុ២៦ឆ្នាំ ជាមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ ដែលទើបនឹងមកចូលធ្វើការនៅសាលាខណ្ឌពោធិ៍សែនជ័យ កាលពីពេលថ្មីៗនេះ និងមានទីលំនៅផ្ទះលេខ៥F ផ្លូវ២០០៨ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៧ ។ ជនជាប់ចោទជិះរថយន្តម៉ាកកូរ៉ូឡាពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2Q 4653។ ចំណែកនារីរងគ្រោះឈ្មោះឆែ សុផល អាយុជិត៣០ឆ្នាំ ។
បើតាមរបាយការណ៍របស់នគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ នារីរងគ្រោះកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការនៅម្តុំទួលគោក ហើយមកដល់ផ្លូវ២០០៤ ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ សង្កាត់ទឹកថ្លា ស្រាប់តែជនជាប់ចោទបើករថយន្តមកបុកម៉ូតូនារីរងគ្រោះពីក្រោយ។ បន្ទាប់ពីបុកនារីរងគ្រោះហើយ នាងក៏ជេរទៅលើអ្នកជិះក្នុងរថយន្តនោះ ហើយក៏បានបើកម៉ូតូបន្តដំណើរទៅមុខទៀត។ ស្រាប់តែនារីរងគ្រោះបានបើកម៉ូតូដល់មុខវត្តវត្តអង្គតាមិញ ត្រូវបានជនជាប់ចោទបើករថយន្តតាមមកទាន់ ហើយក៏បើករថយន្តមកកៀរម៉ូតូជនរងគ្រោះឲ្យឈប់មកអែបខាងចិញ្ចើមផ្លូវ ហើយក្នុងចំណោមជនជាប់ចោទទាំងពីរនាក់នោះ មានម្នាក់បានចុះពីលើរថយន្ត រត់មកលោតទាក់នារីរងគ្រោះដែលកំពុងអង្គុយលើម៉ូតូរបស់ខ្លួនបណ្តាលឲ្យដួល ហើយបង្កឲ្យមានរបួសស្រាល ជាំភ្លៅ និងរបួសក្បាលបន្តិចបន្តួច។ បន្ទាប់ពីបង្កហេតុរួច ជនជាប់ចោទ បានរត់ឡើងរថយន្ត ជិះគេចខ្លួនមកចូលក្នុងសាលាខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែក្នុងករណីនេះ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពីទទួលបានពាក្យបណ្តឹងហើយ នគរបាលបានធ្វើការស្រាវជ្រាវ តាមរយៈកាម៉េរ៉ាសុវត្ថិភាព ឃើញសកម្មភាពរបស់ជនបង្កជាក់ស្តែង ទើបទៅដល់ការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ខែធ្នូ ។ ក្រោយពេលឃាត់ខ្លួន ភាគីទាំងពីរក៏បានជួបតទល់មុខគ្នា ដោយមានការសម្របសម្រួលពីនគរបាល ហើយនៅថ្ងៃទី២៥ខែធ្នូ មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យទាំងពីរនាក់នេះ បានសរសេរលិខិតសុំទោសជនរងគ្រោះ និងសងសំណងចំនួន៦៥០០ដុល្លារដល់ជនរងគ្រោះ ជាថ្នូរនឹងការដកពាក្យបណ្តឹង។ ទោះបីជាមានការដកពាក្យបណ្តឹងក្តី ដោយសារតែនៅជាប់បណ្តឹងអាជ្ញា សមត្ថកិច្ចនៅតែកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ ទៅតុលាការ ហើត្រូវបានចៅក្រមចោទប្រកាន់តាមនីតិវិធីច្បាប់និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ៕ ដោយ៖បញ្ញាស័ក្តិ