ហ្សឹណែវ ៖ សម្តេចនាយករដ្ឋមន្ត្រី ៖ “ទោះបីយើងទទួលបានEBA កម្ពុជាក៏មិនអាចក្លាយជាមានបានដែរ ប៉ុន្តែបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់ នោះដែរ។ ទោះជាយ៉ាងណាសម្ដេចបន្តថា កម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយសម្ដេចក៏បានគូសបញ្ជាក់ថាអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូ ល្អជាមួយកម្ពុជាហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការ ពាណិជ្ជ កម្មពិភពលោកផងដែរ” អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក សាទរចំពោះកម្ពុជា ទទួលបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាពិសេស កំណើនសេដ្ឋកិច្ចដែលមាន៧%ជារៀងរាល់ឆ្នាំក្នុងរយៈពេល២០ ឆ្នាំចុងក្រោយ។
នៅថ្ងៃទី០៣ ខែកក្កដា ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោកអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក មុនពេលចូលរួមបើកកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកលើកទី៧ ដើម្បីត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។
ក្នុងជំនួបទ្វេភាគីនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកជាមួយ លោក រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevêdo ) អគ្គនាយក អង្គការពាណិជ្ជកម្មពិភពលោកនាព្រឹកថ្ងៃទី៣កក្កដានេះ លោកអគ្គនាយកបានស្វាគមន៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាប្រទេសកម្ពុជា ដែលបានធ្វើវិភាគទាន ដល់ដោយអង្គការពាណិជ្ជកម្មពិភព លោកជាពិសេសក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួល ជាប្រទេសដែល មានការអភិវឌ្ឍន៏តិចតួចក្នុងឆ្នាំ២០១៧។ លោកក៏បានអបអរសាទរចំពោះកម្ពុជា ក្នុងការ ទទួលបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាពិសេស កំណើនសេដ្ឋកិច្ចដែលមាន៧%ជារៀងរាល់ឆ្នាំក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ ហើយជាពិសេស ទៀត នោះ លោកបានគូសបញ្ជាក់ថា អ្វីដែលពាក់ព័ន្ធនឹង ការចូលរួមរបស់កម្ពុជា គឺការចូលរួមក្នុងការធ្វើពាណិជ្ជកម្ម ពហុភាគី ក្នុងកម្រិតអន្តរជាតិ។ កម្ពុជាទទួលបានក្នុងក្របខ័ណ្ឌ ជំនួយសម្រាប់ពាណិជ្ជកម្ម គឺកម្ពុជាបានទទួលដោយ ជោគជ័យទ្វេដងនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការធ្វើការជាមួយប្រទេសដៃគូ នឹងកម្មវិធី ផ្សេងៗ នៅក្នុងតំបន់រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមបានគូសបញ្ជាក់ថាការចូលរួមពីប្រទេសកម្ពុជាគឺមានសារៈសំខាន់ហើយទទួលបានជោគជ័យ។
លោកក៏បានគូសបញ្ជាក់ផងដែរអំពីការដែលកម្ពុជាបានជួយសម្របសម្រួលដល់ការវិនិយោគនិងការចូលរួមដល់ ផ្នែកអេឡិចត្រូនិចពាណិជ្ជកម្ម ហើយពាក់ព័ន្ធដល់ផ្នែកផ្សេងទៀតដូចជាបញ្ហាអង្ករដែលកម្ពុជាមានការបារម្ភនោះ លោកធ្លាប់បាន លើកអំពីបញ្ហានេះជាមួយនឹងអង្គការសភាអឺរ៉ុបរួចមកហើយ។ លោកសង្ឃឹមថាកម្ពុជានឹងបន្តវិនិយោគចូលរួមក្នុងប្រព័ន្ធពហុភាគីជាពិសេសដូចជាអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះលោក អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសក្នុងការទទួលសម្ដេចនៅលើកនេះក៏ដូចនៅឆ្នាំ ២០១៨ កន្លងទៅហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ថានេះគឺជាកិត្តិយសរបស់កម្ពុជាហើយដែលកម្ពុជាបានចូលរួមនៅក្នុងកម្មវិធីរួមទាំងការពិនិត្យមើលឡើងវិញនៃជំនួយសម្រាប់ពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជា អាចរៀន និងពិនិត្យឡើងវិញអំពីបទពិសោធន៍និងចែករំលែកបទពិសោជន៍ជាមួយប្រទេសដទៃទៀតផងដែរ។
សម្ដេចបានគូសបញ្ជាក់ថាសម្ដេចមិនដែលមានជំនឿទៅលើភាពឯកោនោះទេ ហើយភាពឯកោនោះមិនអាចជួយយើងបានឡើយ។ សម្ដេចបានគូសបញ្ជាក់អំពីការធ្វើសមាហរណកម្មរបស់កម្ពុជា ជាពិសេសនៅក្នុងក្របខណ្ឌតំបន់និងពិភពលោក ដោយសម្ដេចបានមានប្រសាសន៍បន្ថែមថា មុននឹងយើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ គឺកម្ពុជាបានចាប់ផ្ដើមការងារមួយចំនួនរួចហើយ គឺកម្មវិធីជាច្រើន ដែលកម្ពុជាបាន ត្រៀមក្នុង ការធ្វើសមាហរណកម្ម។ ទន្ទឹមនេះសម្ដេចក៏បានមានប្រសាសន៍ផងដែរថា យើងនឹងព្យាយាមកែលម្អ ដូច្នេះហើយក្នុងការទទួលបានកំណើនសេដ្ឋកិច្ច៧%មិនធម្មតានោះទេ ជាពិសេសក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះសម្ដេចក៏បានគូសបញ្ជាក់អំពីការធ្វើពាណិជ្ជកម្ម ក៏ដូចជា ការកែលម្អពាណិជ្ជកម្មជាពិសេស គឺការបន្តធ្វើជាមួយប្រ ទេសដទៃទៀត ។
សម្ដេចក៏បានថ្លែងអំណរគុណដល់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្ដល់ការជួយកម្ពុជា ក៏ដូចជាជួយដល់ប្រទេសមានការអភិវឌ្ឍន៏តិចតួច ជាពិសេសនៅពេលនេះសម្ដេចបានគូសបញ្ជាក់ថា ជាពេលវេលាដែលល្អជាង ពេល ណាទាំងអស់ដែលបានគាំទ្រ អំពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺ បរិបទដែលមានចរន្ត នៃនយោ បាយគាំពារនិយម។ សម្ដេចក៏បានលើកពីបទពិសោធន៍ ដែលសម្ដេចធ្លាប់ជួបធ្វើការជាមួយ អតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ប៉ាស្កាឡាមី ដែលពេលនោះកម្ពុជាដើរតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០១២ ។
ជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានផ្លាស់ប្តូរមតិយោបល់គ្នាសំដៅធ្វើយ៉ាងណា ឲ្យកម្ពុជាបន្តទទួលផលប្រយោជន៍និងការធ្វើសមាហរណកម្ម នៅក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយអង្គការពាណិជ្ជកម្មពិភពលោក នៅតែធ្វើយ៉ាងណាបន្តតួនាទីរបស់ខ្លួន ក្នុងការកែទម្រង់នៅពេលខាងមុខនេះ។
ក្នុងជំនួបនេះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកអំពីស្តង់ដារ ២ឬស្តង់ដា៣ ដូចជាការត្រៀមដកEBA ពីកម្ពុជាដោយសភាអឺរ៉ុបនេះ ដោយសម្ដេចក៏បានគូសបញ្ជាក់ផងដែរ ជាមួយលោកអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថា ទោះបីយើងទទួលបានEBA កម្ពុជាក៏មិនអាចក្លាយជាមានបានដែរ ប៉ុន្តែបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់ នោះដែរ។ ទោះជាយ៉ាងណាសម្ដេចបន្តថា កម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយសម្ដេចក៏បានគូសបញ្ជាក់ថាអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូ ល្អជាមួយកម្ពុជាហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការ ពាណិជ្ជ កម្មពិភពលោកផងដែរ។
លោកអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងបច្ចុប្បន្នរវាងមហាសេដ្ឋកិច្ច ដែល កំពុងមានភាពតានតឹង ជាពិសេសរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរគឺ សហរដ្ឋអាមេរិកនិងចិន ដូច្នេះហើយ អង្គការពាណិជ្ជកម្មពិភពលោក បន្តតាមដាននៅ សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ទោះយ៉ាណាអង្គការពាណិជ្ជកម្មពិភពលោក នៅតែបន្តធ្វើការកែទម្រង់ ដើម្បីឆ្លើ យតប ទៅនឹងការប្រឈមដូចជា ការស្នើសុំរបស់បណ្ដាប្រ ទេស ដែលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយឯកឧត្តម ក៏បានមានប្រសាសន៍ឯកភាព ទៅនឹងការស្នើសុំការកែទម្រង់នេះ ដែលការកែទម្រង់នេះចាំបាច់ ត្រូវ តែធ្វើក្នុងគ្រប់វិស័យនៃពាណិជ្ជកម្ម។ លោកមានប្រសាសន៍ផងដែរថា ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពាណិជ្ជកម្ម គឺយើងមានយន្តការរួចស្រាប់មកហើយ ហើយកម្ពុជា អាចដកស្រង់បទពិសោធន៍ និងធ្វើការជាមួយអង្គការពាណិជ្ជកម្មពិភពលោក។
លោកអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកមានប្រសាសន៍ថា អ្វីដែលសំខាន់គឺចង់បានសំឡេ ងពីបណ្ដា ប្រទេសដូចជាប្រទេសកម្ពុជា នៅក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺធ្វើយ៉ាងណា កម្ពុជាអាច ទាញយកអត្ថប្រយោជន៍ពីការកសាងសមត្ថភាព ពីការកំណត់ពេលវេលានៃការអនុវត្តន៍ ជាពិសេសការចូលរួមនៅក្នុង គ្រប់វិស័យរបស់អង្គការពាណិជ្ជកម្មពិភពលោកជាពិសេសគឺទាញ យកអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្ម ពី អន្តរ ជាតិ ៕ ដោយ៖កូឡាប