ខេត្តព្រះសីហនុ៖ ស្ថាបនិកអភិវឌ្ឍ «កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង» នាខេត្តព្រះសីហនុ បានបង្កើតកម្មវិធីកម្សាន្តសប្បាយ ជូនភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកទស្សនាឆ្នេរនេះ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០១៧~២០១៨ អោយមានភាពសប្បាយរីករាយ។
លោកស្រី ស៊ុយ ស្រីមុំ អគ្គនាយកក្រុមហ៊ុនដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះ នាខេត្តព្រះសីហនុ មានឈ្មោះថា អាយលែន ស្ពីដហ្វឺរី ខេមបូឌា ( Island Speed Ferry Cambodia)ដែលជាស្ថាបនិកម្នាក់ ដែលបានរួមគ្នាអភិវឌ្ឍ «កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង»។ លោកស្រី មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុថា ភ្ញៀវទេសចរ ដែលចង់ធ្វើដំណើរទៅកាន់កោះនេះ អាចធ្វើដំណើរតាម ក្រុមហ៊ុន អាយលែន ស្ពីដហ្វឺរី ខេមបូឌា ( Island Speed Ferry Cambodia) ក៏បាន ដោយមានតម្លៃសមរម្យ ហើយមានកប៉ាល់ ឫទូកធំៗ បំពាក់ម៉ាស៊ីនត្រជាក់ មានល្បឿនលឿនរហ័សទាន់ចិត្ត និងមានបុគ្គលិកមានជំនាញច្បាស់លាស់ព្រមទាំងបំពាក់សម្ភារៈសុវត្ថិភាពគ្រប់ចំនួន រង់ចាំបំរើសេវាដឹកជញ្ជូន ទៅកាន់ទីតាំងកម្សាន្តមួយនេះជារៀងរាល់ថ្ងៃ និងមានសុវត្ថិភាពខ្ពស់។
លោកស្រីបន្តថា ទាំងអាហារទទួលទាន និងបឹងកាឡូកោះឋានសួគ៌ ឬផ្ទះស្នាក់ និងស្តង់ជួលស្នាក់នៅ លើកោះនេះ គឺមានតម្លៃសមរម្យ និងមានកម្លាំងសន្តិសុខ រង់ចាំការពារសុវត្ថិភាពជូនភ្ញៀវទេសចរទាំងយប់ថ្ងៃ។
ស្ថាបនិក «កោះឋានសួគ៌» រូបនេះ បានអះអាងថា នាឱកាសឆ្លងឆ្នាំសកល ២០១៧~២០១៨នេះ បានរៀបចំប្រគំតន្ត្រីសម័យ ឬដាក់អ័កកាដង់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅជាប់ឆ្នេរខ្សាច់ ដើម្បីប្រគំ ជូនភ្ញៀវទេសចរស្តាប់ រាំ និងច្រៀងកម្សាន្ត ដើម្បីកំដរការសប្បាយបំបាត់កង្វល់ឆ្នាំចាស់។ ពិសេសជាងនេះ នៅយប់ថ្ងៃទី៣១ ខែធ្នូ ដាច់ឆ្នាំ២០១៧ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក៏នឹងមានការបាញ់កាំជ្រួចចម្រុះពណ៌រាប់រយពាន់ដើម អោយកក្រើកផ្ទៃសមុទ្រ នៃឆ្នេរកោះឋានសួគ៌ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០១៨ ជូនភ្ញៀវទស្សនាកម្សាន្តថែមទៀត។
បន្ថែមលើនេះ លោកស្រី ស៊ុយ ស្រីមុំ អោយដឹងថា ពេញមួយបរិវេណនៅលើ «កោះឋានសួគ៌» គឺមានភ្លើងបំភ្លឺចែងចាំងចម្រុះពណ៌ស្ទើមើលឃើញស្រមោចវានៅលើដី។ ហើយបច្ចុប្បន្ននេះ នៅលើ «កោះឋានសួគ៌» ក៏បានបង្កើត អោយមានហាងកាហ្វេ មានលក្ខណៈស្តង់ដារ ព្រមទាំងមានផ្សារទំនើប ឬ ម៉ាត លក់ផលិតផល ឬសម្ភារៈប្រើប្រាស់ផ្សេងៗ រង់ចាំបំរើសេវាជូនភ្ញៀវ ដោយមានបុគ្គលិក មានអត្តចរិត និងកាយវិការរួសរាយរាក់ទាក់..។
ចំណែក លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីតបូត ខេមបូឌា (G.T.V.C, Speed Boat Cambodia) និងជាស្ថាបនិកធំ ដែលបានផ្តើមគំនិតបង្កើត ឬអភិវឌ្ឍ អោយមានឆ្នេរកម្សាន្តមានឈ្មោះថា «កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង»។ លោក មានប្រសាសន៍អោយអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ដឹងថា ក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោក នឹងបន្តពង្រីកមណ្ឌលកម្សាន្ត «កោះឋានសួគ៌»នេះ អោយមានលក្ខណៈស្តង់ដារ ទាំងបឹងកាឡូ ឬផ្ទះសម្រាប់ស្នាក់នៅ និង បំពាក់សម្ភារៈ ឬឧបករណ៍កម្សាន្ត ទាំង នៅលើដីគោក និងលើទឹកសមុទ្រជាដើម អោយសម្បូរបែប សម្រាប់ផ្តល់ជម្រើសកម្សាន្តជូនភ្ញៀវទេសចរ ចូលមកទស្សនាឆ្នេរនេះ អោយមានភាពសប្បាយរីករាយទ្វេដង។
ចំពោះអនាម័យបរិស្ថានឆ្នេរវិញ លោកឧកញ៉ា ទៀ វិចិត្រ បានអះអាងថា បានបង្កើតឲ្យមានក្រុមការងារដើរសម្អាតរើសសំរាម ឬសម្អាតអនាម័យបរិស្ថាននៅក្នុងបរិវេណកោះឋានសួគ៌ និងតាមឆ្នេរសមុទ្រជារៀងរាល់ថ្ងៃ ព្រមទាំងបានពង្រាយកម្លាំងបុគ្គលិក រង់ចាំការពារសុវត្ថិភាពសន្តិសុខជូនភ្ញៀវទេសចរ ២៤ម៉ោង លើ២៤ម៉ោង ដោយការទទួលខុសត្រូវខ្ពស់។
លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមន៍ទេសចរណ៍ (កប៉ាល់ ឬទូកដឹកភ្ញៀវទេសចរ) ប្រចាំខេត្តព្រះសីហនុផងនោះ បញ្ជាក់ថា ចាប់តាំងពីបានបង្កើត ឬអភិវឌ្ឍឆ្នេរកម្សាន្ត«កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង» កាលពីឆ្នាំ២០១៦ មក គឺឆ្នេរកម្សាន្តមួយនេះមិនដែលកើតមានចោរកម្ម និងបញ្ហាផ្សេងៗនាំឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរមានការភ័យខ្លាចម្តងណាទេ។
ផ្តើមពីបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រកាសស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសភ្ញៀវជាតិ អោយចូលមកទស្សនាទីតាំងកម្សាន្ត «កោះឋានសួគ៌» អោយបានច្រើនកុះករ នាថ្ងៃអនាគត។ ជាពិសេស លោកថា នៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០១៨ ខាងមុខ ក្រុមហ៊ុន ជី.ធី.វី.ស៊ី. របស់លោក នឹងបើកសម្ភោធ បឹងកាឡូ មានលក្ខណៈស្តង់ដាររាប់សិបផ្ទះ ឬបឹងកាឡូ ថែមទៀត ដើម្បីពង្រីកសេវាស្នាក់នៅ ជូនភ្ញៀវទេសចរ ដែលចូលមកទស្សនាតំបន់នេះអោយបានគ្រប់ចំនួននាថ្ងៃខាងមុខ។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ បានស្វាគមន៍ និងគាំទ្រប្រតិបត្តិករទេសចរទាំងអស់ ដែលបានបង្កើត ឬអភិវឌ្ឍមណ្ឌល ឬទីតាំងទេសចរណ៍ អោយបានច្រើនទីតាំង សម្រាប់ផ្តល់ជម្រើសកម្សាន្ត ជូនភ្ញៀវទេសចរជាតិអន្តរជាតិ ស្របពេល កំណើនភ្ញៀវទេសចរ ដែលចូលមកទស្សនា ខេត្តព្រះសីហនុ បានកើនច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមគ្នានេះ លោក យន្ត មីន ក៏បានស្នើដល់វិស័យឯកជន ឬប្រតិបត្តិករទេសចរទាំងអស់នាមូលដ្ឋាននេះ ឲ្យបង្កើនគុណភាពសេវាកម្មទេសចរណ៍របស់ខ្លួនឲ្យមានគុណភាព ដោយត្រូវកំណត់តម្លៃសេវាឲ្យបានសមរម្យ មិនត្រូវលក់កោរភ្ញៀវ និងបើកធ្វើអាជីវកម្ម ត្រូវសុំការអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវពីស្ថាប័នជំនាញពាក់ព័ន្ធ។ ពិសេសជាងនេះ ត្រូវសំអាតបរិស្ថានឆ្នេរ អោយមានអនាសម័យជាប្រចាំ និងមិនត្រូវបង្ហូរទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុននោះទេ។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) មានខ្សាច់សស្អាត ទឹកសមុទ្រថ្លាឆ្លុះ ឆ្នេររាក់ ទឹកធ្លាក់ មច្ឆាសមុទ្រ ផ្កាថ្ម ឧទ្យានជាតិ និងមានកោះចំនួន៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាត ជាសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដែន សីមា