Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​លើ​គ្រប់​វិស័យ​របស់​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៧ និង​ជំរុញ​ទិសដៅ​ឆ្នាំ​២០១៨

​ភ្នំពេញ​៖ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ នៅ​រមណីយដ្ឋាន​វត្តភ្នំ នា​រាត្រី​ថ្ងៃទី​៣១​ខែ​ធ្នូ​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ​នានា នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ពុះពារ​សម្រេច​បាន​សមិទ្ធ​ផល​លើ​គ្រប់​វិស័យ​នៅក្នុង​ឆ្នាំ​ចាស់ ឆ្នាំ​២០១៧ ដែល​ជិត​នឹង​កន្លងផុតទៅ ហើយ​ស្នូរ​ជួង​ឆ្នាំ​ថ្មី​នឹង​ពន្លឺ​ឡើង​នៅ​ពេល​បន្តិចទៀត​។​

​លោក​អភិបាល​បន្តថា​៖​សមិទ្ធផល​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ដែល​រាជធានី​ភ្នំពេញ​សម្រេចបាន​នា​ឆ្នាំ​២០១៧​កន្លងមកនេះ ពិតជា​បាន​មក​ដោយសារ​ការប្តេជ្ញា​ចិត្ត ការចូល​រួច​មយ៉ាង​សកម្ម​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​ក្នុង​ការអភិវឌ្ឍ​ជាតិ​។ ទោះបីជា​យើង​ខិតខំ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​លើ​គ្រប់​វិស័យ​ក៏ដោយ ក៏​មាន​ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ខិតខំ​ដោះស្រាយ​បន្ថែមទៀត​។ ជាមួយ​ការកើនឡើង​នូវ​តម្រូវការ​សង្គម ពិសេស​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​លំហូ​ប្រជាពលរដ្ឋ​មក​ប្រកបមុខរបរ ធ្វើ​ការងារ និង​តាំង​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើឲ្យ​ការឆ្លើយតប​ចំពោះ​ការកើនឡើង​យ៉ាង​រហ័ស​នេះ នៅមានកម្រិត ជា​ហេតុ​ធ្វើឲ្យ​លេចឡើង​នូវ​បញ្ហា​ប្រឈម និង​ចំណុច​សេសសល់​ដែល​ត្រូវ​ដោះស្រាយ​បន្ត ដូចជា ការកកស្ទះ​ចរាចរ បញ្ហា​សំរាម អនាម័យ សណ្តាប់ធ្នាប់​សាធារណៈ ការសាងសង់ និង​ការផ្តល់​សេវា​សង្គម​នានា​ជាដើម​។​ល​។​

​លោក​ឃួង ស្រេង បាន​បញ្ជាក់ទៀតថា​៖​ជា​ការពិត​ណាស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​និង​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ស្មារតី​មហា​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ បាន​ខិតខំ​កសាង​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់ សាធារណៈ រហូតដល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ទាំងមូល ទទួលបាន​សុខសន្តិភាព​ពេញលេញ ហើយ​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខេត្ត​នានា មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់ គ្រឹះស្ថាន អគារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​មាន​ការអភិវឌ្ឍ​ឆ្លើយតប​នឹង​កំណើន​ប្រជាជន​ទីក្រុង ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់​៣,២៥​ភាគរយ ក្នុង​មួយ​ឆ្នាំៗ បច្ចុប្បន្ន​នេះ​ចំនួន​ប្រជាជន​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​រហូត​ដល់​១,៧​លាន​នាក់ គឺ​ប្រមាណ​ជា​៥៦​ភាគរយ នៃ​ចំនួន​ប្រជាជន​ទីក្រុង​ភ្នំពេញ ដែលជា​អ្នក​ចំណាកស្រុក ចូល​មក​សិក្សា និង​ធ្វើការ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​លោក​អភិា​ល​រាជធានី​បាន​រំលឹក​ឡើងវិញ​ថា​៖​នៅពេលដែល​យើង​ទាំងអស់គ្នា​កំពុងតែ​សប្បាយ​នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​នាពេលនេះ យើង​ក៏​កុំ​ភ្លេច​ក្រឡេកមើល​ទិដ្ឋភាព​កាលពី​៣៩​ឆ្នាំមុន គឺ​នៅ​ថ្ងៃទី​៣១​ខែ​ធ្នូ​ឆ្នាំ​១៩៧៨ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ​តស៊ូ​ប្រយុទ្ធ​បណ្តេញ​ខ្មែរក្រហម​ចេញ ដើម្បី​រំដោះ​ទឹក​ដី​ឲ្យ​រួចផុត​ពី​របប​យ៉ង់​ឃ្នង​បិសាច ប៉ុល ពត ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​យើង​អស់​ជាច្រើន​លាន​នាក់​។ ការធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល និង​របប​វាលពិឃាត​នេះ កើតឡើង​ដោយសារ​លូក​ដៃ​ពី​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ក្នុង​ការគាំទ្រ លន់ នល់ សិរី​មតៈ​ធ្វើ​រដ្ឋប្រហារ​ទម្លាប់ សម្តេច​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ធ្វើឲ្យ​សង្គ្រាម​ស៊ីវិល​ឆេះ​សន្ធោសន្ធៅ​ពេល​ផ្ទៃ​ប្រទេស​។​

លោក​អះអាង​ទៀតថា​៖ ក្នុង​ពេល​សង្គ្រាម​នោះ​ទិដ្ឋភាព​នៅ​កម្ពុជា​មិន​ខុស​ពី​ទិដ្ឋភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​ដូចជា ប្រទេស​ស៊ី​រី លី​ប៊ី ទុយ​នេ​ស៊ី សព្វថ្ងៃនេះ​ទេ ខ្ញុំ​សូម​បញ្ជាក់​រូបភាព​ខ្លោចផ្សារ​នៅ​តំបន់​មជ្ឈិមបូព៌ា​ពេលបច្ចុប្បន្ន គឺជា​រូបភាព​ខ្លោចផ្សារ​របស់​ប្រទេស​កម្ពុជា​ពី​អតីតកាល ៤០​ឆ្នាំមុន ហើយ​ដែល​ហើយ​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​អស់​រយៈពេល​៣​ទសវត្សរ៍ ទើប​បាន​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន​សែន​។ សង្គ្រាម​បាន​បន្សល់​ទុក​ឲ្យ​យើង​នូវ​ការព្រាត់ប្រាស​គ្រួសារ បងប្អូន​យក​គ្នា​ជា​ប្តី​ប្រពន្ធ រត់​ភៀសខ្លួន​ក្មេង​កំព្រា ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ អត់​ស្បៀង ជនពិការ ដែល​ទុក្ខវេទនា​ទាំងអស់នេះ មិនអាច​រៀបរាប់​អស់​បានឡើយ​។ ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​តែ​រក្សា​សុខ​សន្តិភាព​ដែល​សម្តេច​តេជោ បាន​បូជា​អាយុជីវិត​ទើប​ទទួលបាន​មក ហើយ​ដែល​យើង​ប្តេជ្ញាចិត្ត​មិនឲ្យ​មាន​សង្គ្រាម​កើតឡើង​ជា​ថ្មី​ជា​ដាច់​ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​

​ជាមួយ​ការឆ្លង​ឆ្នាំ​ដ៏​សប្បាយរីករាយ​នេះ​លោក​ឃួង ស្រេង​បាន​ថ្លែង​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា ត្រូវ​ខិតខំ​រួមគ្នា​អនុវត្ត​ឲ្យបាន​សម្រេច​នូវ​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ ដោយ​ខិតខំ​រួមគ្នា​ធ្វើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់​នៅ​ឆ្នាំ​ចាស់ និង​ការត្រៀម​លក្ខណសម្បត្តិ​ឆ្លើយតប​តម្រូវការ​ថ្មីៗ​បន្ថែមទៀត របស់​ប្រជាពលរដ្ឋ​។ សម្រាប់​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​ប្រទេស​យើង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦​នៃ​រដ្ឋសភា នាពេល​ខាងមុខ​ដូចនេះ​យើង​ទាំងអស់គ្នា​ត្រូវ​រួម​គ្នា​សម្រេច​ឲ្យបាន​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៣ ដូចជា ៖ ១)​បន្ត​ខិតខំ​ថែរក្សា ពង្រឹង​សន្តិ​សភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំដៅ​បង្ក​លក្ខណសម្បត្តិ​អនុគ្រោះ​ដល់​ការរីកចម្រើន​រឹងមាំ​បន្ថែមទៀត​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​លើ​គ្រប់​វិស័យ​។ ២)​បន្ត​ជំរុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​រួម​ទាំង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​បង្កើតឡើង​នូវ​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ ប្រកបដោយ​សមធម៌ និង​ចីរភាព និង​៣) ខិតខំ​ប្រមូលផ្តុំ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ ការ​ផ្តល់​ផលប្រយោជន៍​នានា​ពី​ការអភិវឌ្ឍ ការផ្តល់​នូវ​កិច្ច​គាំពារ​ផ្នែក​សង្គម​ប្រកបដោយ​សមធម៌ និង​ការខិតខំ​ដោះស្រាយ​សំណើ សំណូមពរ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ សំដៅ​ធានា​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ លើ​កិច្ចការ​គ្រប់​វិស័យ​ក្នុងសង្គម​។​

​ជាមួយគ្នា​នោះ​ក្នុង​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ផ្សាយ​បន្ត​ផ្ទាល់​ការប្រគំ​តន្ត្រី និង​បាញ់​កាំ​ជ្រួច អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧ ឈានចូល​២០១៨ រមណីយដ្ឋាន​វត្តភ្នំ ។​ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី លោក​ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​និង​លោកស្រី ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ មក​ពី​បណ្តាល​ខណ្ឌ​ទាំង​១២ មាន​ចំនួន​រាប់ពាន់នាក់​។ នា​រាត្រី​ថ្ងៃ​៣១ ធ្នូ​នេះ​នៅ​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​សា​ធារ​ណះនា​នាតាម​សួនច្បារ តំបន់​កំសាន្ត​នានា​តាម​ដើមឈើ​ភ្លើង​ភ្លឺ​ព្រោងព្រាត​ចម្រុះ​ព័ណ​ស្រស់​ស្អាត​គួរ​អោយ​គយ​គន់​ណា​ស់មនុស្ស ដើរ​ទស្សនា​ហូរហែរ​សប្បាយ​ណាស់​។​

​ពិធី​នេះ​ធ្វើឡើង​ចំ​រាត្រី​ថ្ងៃ​អាទិត្យ ទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៧ រៀបចំ​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការប្រគំ​តន្ត្រី និង​បាញ់​កាំ​ជ្រួច ដើម្បី​អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧ ឈានចូល​២០១៨​។ ក្នុង​ពិធី​នេះដែរ នៅ​លើ​មហាវិថី​ព្រះ​នរោត្តម មុខ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​ក៏​ត្រូវបាន​បិទ​ការធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ផងដែរ​ដើម្បី​ឲ្យ​ការប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្តទៅ​ដោយ​រលូន​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​ការកកស្ទះ​ចរាចរ នៅ​តំបន់​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី ។​

​សម្រាប់​យប់ រាប់​ថយ​ក្រោយ​ឬ​COUNTDOWN ២០១៨ នេះដែរ​ ​ទីតាំង​សម្រាប់​ព្រឹត្តិការណ៍​ឆ្លង​ចូលឆ្នាំថ្មី និង​ការប្រគុំ​តន្ត្រី​ដ៏​ធំ​សម្បើម​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីតាំង​សាធារណៈ​ចំនួន ៤​កន្លែង ក្នុងនោះ​រួមមាន ១-​រមណីយដ្ឋាន​វត្តភ្នំ​។ ២-​សួនច្បារ​បទុម​វ​តី ៣-​សួនច្បារ​សម្តេច ហ៊ុន សែន​។ ៤-​មជ្ឈមណ្ឌល​កោះ​ពេជ្រ ៕ ដោយ​៖​កូឡាប​

×