ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្នុងរាត្រីឆ្លងឆ្នាំសកលឆ្នាំ២០១៨ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរបរទេស បានលេងកម្សាន្តសប្បាយរីករាយក្រៃលែងទាំងក្នុងរាជធានីភ្នំពេញ និងតាមរមណីយដ្ឋាននានានៅតាមបណ្តាខេត្ត។
បើតាមសម្តេចតេជោ ហ៊ុន សែន ភាពសប្បាយរីករាយទាំងអស់នេះកើតមានដោយសារតែកម្ពុជាមាន សុខសន្តិភាព ពេញលេញ ដែលនាំឲ្យការលេងកម្សាន្តរបស់ប្រជាពលរដ្ឋមិនមានការព្រួយបារម្ភនោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួចឲ្យពលរដ្ឋទាំងអស់បន្តរួមគ្នារក្សា សុខសន្តិភាព មួយនេះ។
ក្នុងផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានបញ្ជាក់ថា “កាលពីរាត្រីយប់មិញ ទាំងពលរដ្ឋខ្មែរ និងទេសចរបរទេសបានចូលរួម អបអរសាទរថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០១៨ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមរមណីយដ្ឋាននានាតាមបណ្តាខេត្ត។ យើងដឹងច្បាស់ហើយ អោយតែពិធីបុណ្យម្តងៗគឺមានកកស្ទះចរាចរណ៍នៅតាមផ្លូវជាតិតូចធំ។ ដូច្នេះ សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន អធ្យា ស្រ័យនិងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងក្នុងផ្លូវតូចចង្អៀត និងតំបន់ទីប្រជុំជនដែលមានមនុស្សឆ្លងកាត់ច្រើន។ ពិតណាស់ “សន្តិភាព” បានផ្តល់ឱកាសកាន់តែច្រើនឡើងដល់ពលរដ្ឋក្នុងការចូលរួមប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិនានា ទោះបីនៅពេលយប់ឬពេលថ្ងៃដោយគ្មានការភ័យខ្លាចឡើយ។ យើងរួមគ្នាបន្តការពារសន្តិភាព និងថែរក្សាស្ថេរភាពនយោបាយសង្គមអោយបានល្អ ដើម្បីជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។ សូមជូនពរបងប្អូនជនរួមជាតិ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកូនក្មួយយុវជនយុវតី សិស្សានុសិស្ស ព្រមទាំងកូនក្មួយកម្មករកម្មការនីទូទាំងប្រទេស ជួបតែសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ សុខភាពល្អ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំសកលថ្មី២០១៨ នេះតទៅកុំបីខាន”៕ ដោយ៖កូឡាប