ភ្នំពេញ៖ សិទ្ធិទទួលបានទំហែទាំសុខភាព ឬសិទ្ធិសុខភាព គឺជាសិទ្ធិរស់រានមានជីវិត សម្រាប់មនុស្សគ្រប់រូប ដោយគ្មានការរើសអើង។ សិទ្ធិនេះ ត្រូវបានចែងយ៉ាងច្បាស់ នៅក្នុងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយនិងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោកម៊ុត ចន្ថា អតីតមន្រ្តីខុទ្ទកាល័យលោកកឹម សុខា ថ្លែងបែបនេះ។
លោកម៊ុត ចន្ថា អតីតមន្រ្តីខុទ្ទកាល័យលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានសរសេរលើផេកហ្វេសប៊ុកថា រដ្ឋមានកាតព្វកិច្ចបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធផ្នែកវិជ្ជសាស្រ្ត ដូចជា មន្ទីរពេទ្យ មន្ទីរព្យាបាល គ្រូពេទ្យនិងបុគ្គលិកវិជ្ជសាស្រ្តជំនាញវិជ្ជាជីវៈ និងបរិក្ខារវេជ្ជសាស្រ្តចាំបាច់ ហើយនិងឱសថផ្សេងៗ។ ពលរដ្ឋមានជំងឺដោយមិនគិតពីឋានៈមានសិទ្ធិស្វែងរកការពិនិត្យ និងព្យាបាលសុខភាពតាមជម្រើសរបស់ខ្លួន ហើយក្នុងករណីគ្មានលទ្ធភាពផ្ទាល់ខ្លួន រដ្ឋមានកាតព្វកិច្ចផ្តល់ការពិនិត្យ និងព្យាបាលដោយពុំគិតថ្លៃ នៅក្រោមគោលការណ៍មួយ រដ្ឋមិនទុកឲ្យពលរដ្ឋមានជំងឺដេកស្លាប់ ដោយពុំទទួលការពិនិត្យ និងព្យាបាលឡើយ។
លោកបានបន្ថែមថា យើងមិនគាំទ្រជាដាច់ខាតចំពោះជនណា ដែលមើលស្រាល ឬប្រមាថដល់ជីវិតមនុស្ស តាមរយៈទង្វើផ្សេងៗ ដូចជា បន់ឲ្យមនុស្សស្លាប់ ឬដាក់បណ្តាសាឲ្យអ្នកមានជំងឺឆាប់ស្លាប់ ឬរារាំងតាមមធ្យោបាយផ្សេងៗមិនឲ្យអ្នកមានជំងឹទទួលបានការពិនិត្យ និងព្យាបាលពីសំណាក់មន្ទីរពេទ្យ និងគ្រូពេទ្យជំនាញវិជ្ជាជីវៈ តាមជម្រើស និងលទ្ធភាពរបស់ខ្លួន។
ក្នុងន័យនេះ លោក កឹម សុខា ត្រូវបានគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យរ៉ាស់ហ្វល (Raffle Hospital) នៃប្រទេសសិង្ហបុរី បានពិនិត្យ និងឆ្លុះរកឃើញរោគសញ្ញាជំងឺជាក់លាក់នៅស្មាខាងឆ្វេង តាំងពីឆ្នាំ២០១៥ ហើយលោកត្រូវបានតម្រូវដោយគ្រូពេទ្យជំនាញឲ្យធ្វើការវះកាត់ជាបន្ទាន់។ ប៉ុន្តែពេលវេលាបានអូសបន្លាយ រហូតមកដល់នេះ ដោយសារបញ្ហានយោបាយ នៅឆ្នាំ២០១៦ ការបោះឆ្នោតឆ្នាំ២០១៧។ គ្រូពេទ្យបានកំណត់ឲ្យលោកត្រូវទៅធ្វើការវះកាត់ នៅខែកញ្ញា ឆ្នាំ២០១៧ នៅក្រោយការបោះឆ្នោតឃុំ-សង្កាត់រួច។ ជាអកុសល លោកត្រូវបានចាប់ខ្លួន និងឃុំខ្លួនយ៉ាងអយុត្តិធម៌ ដែលធ្វើឲ្យលោកខកខានទទួលបានការពិនិត្យ និងព្យាបាលតាមពេលកំណត់ ពីសំណាក់មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យជំនាញវិជ្ជាជីវៈ។
ស្ថានភាពសុខភាពរបស់ លោក កឹម សុខា មិនអាចអូសបន្លាយូរតទៅទៀតទេ ដូច្នេះយើងសង្ឃឹមថា រាជរដ្ឋាភិបាល នឹងធានាសិទ្ធសុខភាពរបស់ លោក កឹម សុខា ដូចដែលប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងទទួលបាននូវការពិនិត្យ និងព្យាបាលយ៉ាងដូច្នេះដែរ។ យើងសូមបួងសួងឲ្យប្រមុខរាជរដ្ឋាភិបាល និងអ្នកជំងឺផ្សេងទៀត ឆាប់បានជាសះស្បើយ ពីរោគាព្យាធិទាំងពួង។
លោកថ្លែងថា ការបន់ឲ្យមនុស្សស្លាប់ ឬដាក់បណ្តាសឲ្យអ្នកជំងឺឆាប់ស្លាប់ ឬការរារាំងគ្រប់មធ្យោបាយ មិនឲ្យអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ គឺជាការរំលោភសិទ្ធិរស់រានជីវិត ឬអាចឈានដល់ការដកហូតសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ៕ ដោយ៖បញ្ញាស័ក្តិ